ព័ត៌មានសេដ្ឋកិច្ច

អង្គរសង្ក្រាន្តឆ្នាំនេះ ភ្ញៀវជាតិម្នាក់ចាយជាមធ្យម៥០ដុល្លារ ខណៈភ្ញៀវអន្តរជាតិចាយ៥០០ដុល្លារ

នាឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃកន្លងទៅនេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១.៦លាននាក់ ដែលចំណាយសរុបជាង ៩៥លានដុល្លារអាមេរិក ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងទេសចរណ៍។

ក្នុងនោះដែរ បើគិតជាមធ្យម ភ្ញៀវទេសចរជាតិចាយប្រមាណ​ ៥០ដុល្លារអាមេរិកក្នុងម្នាក់ ហើយភ្ញៀវទេសចរអន្តរជាតិចាយប្រមាណ ៥០០ដុល្លារអាមេរិក ក្នុងម្នាក់។

ចំនួនភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តសៀមរាប ឆ្នាំនេះ គឺមានកើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ ដែលមានភ្ញៀវទេសចរជាង ១.៣លាននាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ទាក់ទាញទាំងភ្ញៀវជាតិ​ និងអន្តរជាតិ ព្រមទាំងជួយផ្សព្វផ្សាយនូវ វប្បធម៌ប្រពៃណីខ្មែរ ហើយមានការលេងល្បែងប្រជាប្រិយ របាំ និងសកម្មភាពសិល្បៈជាច្រើនទៀត។

គួររម្លឹកដែរថា ត្រឹម ២ខែ ដើមឆ្នាំ ២០១៧នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥៣ម៉ឺននាក់ ដែលស្មើនឹង ៤៥ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា៕

មតិយោបល់