ព័ត៌មានសេដ្ឋកិច្ច

គម្រោងខ្សែបញ្ជូនអគ្គិសនីពី ស្ទឹងតាតៃ មកភ្នំពេញ នឹងចំណាយប្រមាណ ១៣៦លានដុល្លារ

គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុលពី ស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ ត្រូវបានសម្រេចអនុម័តនៅថ្ងៃនេះ ហើយគ្រោងនឹងចំណាយទឹកប្រាក់វិនិយោគសរុប ១៣៦.៦៩លានដុល្លារអាមេរិក។

ការភ្ជាប់ពីស្ថានីយស្ទឹងតាតៃ មកអនុស្ថានីយនៅភ្នំពេញ គឺជាការអភិវឌ្ឍមួយ ដែលភ្ជាប់ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីភាគខាងនិរតីកម្ពុជា ឲ្យក្លាយជាប្រព័ន្ធបណ្តាញកងជាមួយភ្នំពេញ ដើម្បីបង្កើនស្ថេរភាពភាពរឹងមាំ និងលំនឹងនៃការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ។

គម្រោងនេះ គឺធ្វើឡើងតាមរូបភាពសាងសង់ដំណើរការផ្ទេរ (BOT) ដែលមានរយៈពេលសម្បទាន ២៨ឆ្នាំ ក្នុងនោះ ៣ឆ្នាំសម្រាប់សាងសង់ និង ២៥ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។

វារីអគ្គិសនីស្ទឹងតាតៃ មានកម្លាំងថាមពល ២៤៦មេហ្កាវ៉ាត់ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន China National Heavy Machinery Corporation ចំណាយថវិកាជាង ៥៤០លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចអនុម័តគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព​ ១៣៥មេហ្កាវ៉ាត់ ក្នុងខេត្តព្រះសីហនុផងដែរ ដែលមានទំហំទុនប្រមាណ ២៦០លានដុល្លារអាមេរិក៕

មតិយោបល់