ធនាគារពិភពលោក បានសម្រេចទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដឹកជញ្ជូននៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក ចេញផ្សាយកាលពីពេលថ្មីៗនេះ។
គម្រោងនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងរបស់សាលា និងលើកកម្ពស់គុណភាពគ្រូបង្រៀន នៅកម្រិតអនុវិទ្យាល័យ មានរយៈពេល ៥ឆ្នាំ ចាប់ពីថ្នាក់ទី ៧ ដល់ទី ៩ នៅទូទាំងប្រទេស ដែលមានទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាមេរិក។
ការអនុម័តថវិកា ១០០លានដុល្លារអាមេរិកនេះ ក៏បានជួយដល់ការស្ថាបនាផ្លូវជនបទ ឲ្យមានទំនាក់ទំនងប្រសើរ និងធន់នឹងឥទ្ធិពលពី អាកាសធាតុអាក្រក់ផងដែរ។
ក្នុងនោះ ក៏មានការស្ថាបនាឡើងវិញចំពោះផ្លូវជនបទប្រវែង ២៥០គីឡូម៉ែត្រ ក្នុងខេត្តចំនួន ៦ តាមដងទន្លេមេគង្គ និងទន្លេសាប ដែលជាស្នូលនៃការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
គួរជម្រាបដែរថា គម្រោងនេះ នឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូន ជាពិសេសការពង្រីកនៃការទទួលបានសេវា និងទីផ្សារនៅតំបន់ជនបទ៕
មតិយោបល់