ព័ត៌មានសេដ្ឋកិច្ច

ត្រីមាសទី១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ៧៦៨លាន$ កើនឡើង ៩២%

សម្រាប់រយៈពេល ៣ខែ ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ៧៦៨លានដុល្លារអាមេរិក ដែលស្មើនឹង ៤៤ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃនេះ។

បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះសម្រាប់ឆ្នាំ ២០១៧ កើនឡើងប្រមាណ ៩២ភាគរយ គឺប្រមាណ ៣៦៨លានដុល្លារអាមេរិក។

សម្រាប់ខែមីនា ឆ្នាំ ២០១៧ ចំណូលពន្ធ-អាករប្រមូលបាន មានចំនួនប្រមាណជា ៤១៧លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ក្នុងត្រីមាសទី១ ឆ្នាំនេះ​គឺមាន ការកើនឡើងនៃចំណូលពន្ធអាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណូលកើនឡើង ៤០ភាគរយ ពន្ធលើប្រាក់បៀវត្សកើនឡើង ៤៩ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង ៨០ភាគរយ និងអាករពិសេស ១៧ភាគរយ៕

មតិយោបល់