ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ជម្រុញចិនពន្លឿន គម្រោងព្រលានយន្តហោះសៀមរាបថ្មី តម្លៃ ៩០០លានដុល្លារ

ថ្លែងក្នុងសន្និសីទកាសែត កាលពីម្សិលមិញនេះ​ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឲ្យដឹងថា កម្ពុជា បាននិងកំពុងជម្រុញ សាធារណរដ្ឋប្រជាមានិតចិន ពន្លឿន ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅខេត្តសៀមរាប ឲ្យបានកាន់តែឆាប់។

ព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងចំណាយប្រមាណ​ ៩០០លានដុល្លារអាមេរិក សាងសង់លើផ្ទៃដី ៧០០ហិកតា ដែលស្ថិតនៅ ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីតំបន់អង្គរ។

គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ កាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅ ហើយជាការឆ្លើយតប ក្រុមហ៊ុនចិន គ្រោងនឹងចំណាយពេល ៣ឆ្នាំ ដើម្បីសាងសង់។

អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប នឹងអាចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជម្រុញឲ្យមានការហោះហើរត្រង់មកកម្ពុជា មកទស្សនាប្រាសាទអង្គរវត្តដ៏ទាក់ទាញបំផុត។

លើសពីនេះទៅទៀត ការសាងសង់ព្រលានយន្តហោះថ្មី ចម្ងាយឆ្ងាយពីតំបន់ប្រាសាទ គឺអាចការពារផលប៉ះពាល់ដោយសម្ពាធសំឡេង ដែលអាចប៉ះពាល់ដល់ប្រាសាទនានាផងដែរ។

គួររម្លឹកដែរថា ក្រុមហ៊ុនកូរ៉េចំនួន ២ ធ្លាប់បានសម្រេចវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក តែត្រូវបានពន្យារពេលជាច្រើនដងមកហើយ​ មកទល់ពេលនេះ៕

មតិយោបល់