ព័ត៌មានសេដ្ឋកិច្ច

គម្រោងពង្រីកចំណតផែកុងតឺន័រ តម្លៃជាង ២០០លានដុល្លារ គ្រោងបញ្ចប់ត្រឹមឆ្នាំ ២០២២

គម្រោងពង្រីកចំណតកំពង់ផែកុងតឺន័រ ខេត្តព្រះសីហនុ ដែលចំណាយទុនប្រមាណ ២០០លានដុល្លារអាមេរិក កំពុងសិ្ថតក្រោមការសិក្សារបស់ JICA និងមានបំណងបញ្ចប់គម្រោងត្រឹមឆ្នាំ ២០២២។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីពេលថ្មីៗនេះ។

គម្រោងកសាងចំណតផែមានប្រវែង ៣៣០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ នឹងបំពាក់ដោយឧបករណ៍គ្រឿងចក្រទំនើបៗ ដើម្បីឆ្លើយតបនឹងកំណើននៃការផ្តល់សេវាកម្ម នៅក្នុងកំពង់ផែនេះ។

គម្រោងកំពង់ផែទឹកជ្រៅកម្ពុជា ១៣ម៉ែត្រកន្លះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨ខាងមុខនេះ​ អាចជួយកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនតាមផ្លូវសមុទ្រ បានប្រមាណពី ៣០០ ដល់ ៤០០ដុល្លារអាមេរិក ក្នុង ១កុងតឺន័រ។ នេះបើយោងតាមការឲ្យដឹងពីលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែខេត្តព្រះសីហនុ។

កំពង់ផែថ្មីនេះ អាចទទួលនាវាធំៗខ្នាតយក្សប្រមាណ ៩៣ភាគរយ មកពីជុំវិញពិភពលោក ដឹកកុងតឺន័រចូលចតបាន អាចធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជា ចុះទាប អាចប្រហាក់ប្រហែលប្រទេសជិតខាង ហើយបរិមាណកុងតឺន័រឆ្លងកាត់ អាចលើសពី ១លានកុងតឺន័រ ក្នុងមួយឆ្នាំ។

ការកាត់បន្ថយចំណាយនេះ នឹងធ្វើឲ្យទំនិញចេញចូល កាន់តែមានការប្រកួតប្រជែង និងធ្វើឲ្យប្រសិទ្ធភាពសេដ្ឋកិច្ច កាន់តែប្រសើរឡើង។

គួរជម្រាបដែរថា ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ទាំងផ្លូវ ផ្លូវដែក និងកំពង់ផែ៕

មតិយោបល់