ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជានពលរដ្ឋ ព្រួតវាយបណ្ដាលឲ្យរងរបួសធ្ងន់ខណៈដែលជនសង្ស័យរូបនោះ បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលដែលម្ចាស់កំពុងសម្រាន្តលក់ តែបែរជាត្រូវអ្នកជិតខាងឃើញផ្អើលឆោឡោនាំគ្នាដេញចាប់វាយទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ១៤៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡាច ចាន់ ភេទប្រុស អាយុ២៨ មុខរបរើសអេតចាយ ស្នាក់នៅក្រោយសាលាបាក់ទូក។
ប្រភពព័ត៌មានពីឈ្មោះ អុក ចន្នី ភេទប្រុស អាយុ៣១ ត្រូវជាកូនរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យបានចូលទៅរុករករបស់របរនៅក្នុងកន្លែងជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងសម្រាន្តលក់។ ឃើញដូចនោះ គាត់បានស្រែកផ្អើលឆោឡោ នាំគ្នាដេញចាប់ជនសង្ស័យរហូតមកដល់ផ្លូវលេខ១៨២ ជិតដេប៉ូលក់សាំងសូគីម៉ិច ទើបចាប់ជនសង្ស័យបាន និងព្រួតគ្នាវាយម្នាក់មួយដៃ មួយជើង បណ្ដាលឲ្យជនសង្ស័យរងរបួសធ្ងន់។
ក្រោយពីចាប់បានជនសង្ស័យហើយនៅលើខ្លួនរបស់ជនសង្ស័យមានពូថៅមួយដើមផងដែរ។ ចំណែកទ្រព្យសម្បត្តិដែលជនសង្ស័យលួចបាននោះគឺជនសង្ស័យបានបោះចោលបាត់ទៅហើយ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនាំជនសង្ស័យមកសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលវាលវង់ដើម្បីចាក់ការបន្តតាមនីតិវិធីច្បាប់៕




មតិយោបល់