ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនបានសន្យាថា នឹងកៀរគអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ។
លោក Masashi KANO ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ហៅកាត់ថា (JETRO) បានមានឱ្យដឹងថា វិនិយោគិនជប៉ុនបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានទីផ្សារបើកចំហរខ្លាំង និងមានបរិយាកាសវិនិយោគអំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តវិនិយោគិន បរទេសទាំងអស់ មិនថាតែជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ លោក Masashi KANO ប្រធាន តំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នមានវិនិយោគិនជប៉ុនថ្មីៗមួយចំនួនបាននឹងកំពុងពិភាក្សាលម្អិតជាមួយ JETRO ប្រចាំនៅកម្ពុជា អំពី ចំណាប់អារម្មណ៍ និងឱកាសវិនិយោគនៅកម្ពុជាហើយលោកសន្យាថា នឹងព្យាយាមពន្យល់ ផ្សព្វផ្សាយ អំពីឱកាសវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ជប៉ុនទាំងនោះឱ្យមក បណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពជឿជាក់។
លោកបានបន្ថែមថា ទឡ្ហីករណ៍ទាំងនេះ ជំរុញលំហូរវិនិយោគពីក្រៅប្រទេសមកកម្ពុជានឹងបានរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្ពុជាបាននឹងកំពុងខិតខំកែទម្រង់ និងរៀបចំនូវបរិយាកាសធុរកិច្ចអំណោយផល ចំពោះវិនិយោគគិនបរទេសទាំងអស់ រួមមានការលើកទឹកចិត្តបន្ថែមទៀត និងបង្កលក្ខណៈ ឱ្យវិនិយោគិនបរទេសគ្រប់រូបឱ្យមកបណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពទុកចិត្ត ស្របពេល ដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ។
សូមបញ្ជាក់ថា ប្រធានតំណាង អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន JETRO គឺជា អង្គភាពមួយស្ថិតក្រោមចំណុះក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨។
ការិយាល័យ JETRO នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើត ឡើងនៅក្នុងឆ្នាំ ២០១០ ដែលបានធ្វើការសម្របសម្រួល និងទាក់ទាញក្រុមហ៊ុនដែល មានសក្តានុពលខ្ពស់របស់ជប៉ុនមួយចំនួនដូចជា Mineabea, ផ្សារទំនើប AEON ជាដើម អោយមកបណ្តាក់ទុន នៅកម្ពុជា៕
មតិយោបល់