ព័ត៌មានសេដ្ឋកិច្ច

ការជ្រើសរើស កម្ពុជា ជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចពិភពលោក មិនមែនជារឿងចៃដន្យនោះទេ

ការជ្រើសរើស ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចពិភពលោក មិនមែនជារឿងចៃដន្យនោះទេ គឺកើតឡើងដោយសារ ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងការបង្ហាញពីឆន្ទៈយ៉ាងមុតមាំ នៃប្រទេសកម្ពុជា ក្នុងការរៀបចំវេទិកានេះឡើង។ នេះបើយោងតាមការឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងកាលពីព្រឹកមិញនេះ។

ការជ្រើសរើស កម្ពុជា គឺសម្រេចដោយលោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃ វេទិកាសេដ្ឋកិច្ចពិភពលោក ដោយលោកមានការចាប់អារម្មណ៍លើ កំណើនសេដ្ឋកិច្ចកម្ពុជាដ៏ឋិតឋេរ ក្នុងរយៈពេលយូរឆ្នាំមកហើយ។

នេះជា ឱកាសដ៏ល្អ សម្រាប់កម្ពុជា និងអាស៊ាន ដើម្បីសិក្សាយកបទពិសោធន៍ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលសំខាន់ៗ ទាក់ទាញវិនិយោគិន មកបន្ថែមទៀត និងមានគំនិតកាន់តែច្រើន។

វេទិកាសេដ្ឋកិច្ចពិភពលោក នឹងមានអ្នកចូលរួមជាង ៧០០នាក់ ក្នុងនោះ ៤៥០នាក់ ជាអ្នកធុរកិច្ច មកពីបណ្តាក្រុមហ៊ុននានា និង ៩០នាក់ ជាគណៈមន្រ្តី រដ្ឋមន្រ្តីមកពី ប្រទេសផ្សេងៗជុំវិញតំបន់។

កិច្ចប្រជុំនេះ បានជ្រើសរើសប្រធានបទ «យុវជន បច្ចេកវិទ្យា​ និងកំណើន» ដោយសារ នៅអាស៊ាន និងកម្ពុជា សម្បូរទៅដោយកម្លាំងពលកម្មវ័យក្មេង ហើយបច្ចេកវិទ្យា ជាប្រធានបទក្តៅមួយដែរ ដែលនឹងបម្រើដល់សង្គមនាពេលអនាគត។

គួររម្លឹកថា វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ ២០១៧ នឹងធ្វើឡើងជាលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែឧសភា ខាងមុខនេះ៕

មតិយោបល់