សាលារាជធានីភ្នំពេញ នឹងបើកបន្ថែមខ្សែរត់រថយន្តក្រុងចំនួន ៥ខ្សែបន្ថែមទៀត បន្ទាប់ពីទទួលបានរថយន្តក្រុង ១០០គ្រឿងបន្ថែម ក្នុងចន្លោះខែ មិថុនា និង កក្កដា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
បច្ចុប្បន្ន រថយន្តក្រុង កំពុងរត់លើខ្សែរត់ចំនួន ៣ ជារៀងរាល់ថ្ងៃ ហើយកំពុងសិក្សាសាកល្បងលើ ៥ខ្សែបន្ថែមទៀតរួមមាន៖
១.គីឡូម៉ែត្រលេខ ៩ ដល់ បឹងឈូក
២.ផ្សាររាត្រី ដល់ តាខ្មៅ
៣.ផ្សាររាត្រី ដល់ ចោមចៅ
៤.ចោមចៅ ដល់ វត្តស្លែង
៥.ផ្សារកណ្តាល ដល់ ស្ពានព្រះមុនីវង្ស
៦.គីឡូម៉ែត្រលេខ ៩ ដល់ ស្ពានព្រះមុនីវង្ស និងព្រែកលាប ដល់ សែនជូរីផ្លាហ្សា
៧.ស្តាតចាស់ ដល់ ស្ទឹងមានជ័យ
៨.ស្ទឹងមានជ័យ ដល់ វត្តស្លែង។
ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ជាសកម្មភាពដ៏ល្អ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ហើយកាលពីឆ្នាំ ២០១៦ រថយន្តក្រុងសាធារណៈ បានបម្រើដល់អ្នកដំណើរជាង ២លាននាក់។
សាលារាជធានីភ្នំពេញ នឹងបន្តខិតខំពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព និងផ្តល់សេវាឲ្យបានល្អជាងនេះ ជាពិសេសគឺ ពង្រីកខ្សែរត់បន្ថែមឲ្យដល់ ១០ខ្សែ ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍។
គួររម្លឹកដែរថា សាលារាជធានីភ្នំពេញ បានសិក្សាជាមួយធនាគារឯកទេស វីង ពីគម្រោងរៀបចំ ម៉ាស៊ីនឆូតកាតតាមរថយន្តក្រុងសាធារណៈ ដែលនឹងអាចដាក់ដំណើរការនាពេលឆាប់ៗនេះ៕
មតិយោបល់