ព័ត៌មានបច្ចេកវិទ្យា

ភ្លេចលេខសម្ងាត់ iPhone មិនចាំបាច់ទៅជាងទៀតទេ

ប្រសិនបើអ្នកភ្លេច Passcode ឬលេខកូដសម្ងាត់ការពារ iPhone ឬអ្នកបានឃើញសារមួយបង្ហាញមកថា iPhone is Disabled មិនចាំបាច់បារម្ភរត់ទៅរកជាងទៀតឡើយ ដោយសារតែវិធីសង្គ្រោះវាមានមិនតិចទេ ក៏មិនពិបាក ឬទាមទារអ្នកជំនាញខាង IT អីនោះដែរ។

ដំណោះស្រាយដែលអាចរំដោះ iPhone ចេញពីបញ្ហាមិនចងចាំលេខកូដសម្ងាត់បែបនេះបានមាន ៣​ វិធីផ្សេងៗពីគ្នា ដូចនេះសូមប្រិយមិត្តប្រើប្រាស់នូវជម្រើសណាមួយឲ្យបានត្រឹមត្រូវតាមការណែនាំខាងក្រោម។

បញ្ជាក់៖ បើសិនជាប្រិយមិត្ត មិនបានទាញទិន្នន័យពី iPhone ទៅរក្សាទុក (Backup) ក្នុងកុំព្យូទ័រ ឬនៅលើ iCloud មុនពេលភ្លេចលេខសម្ងាត់នោះទេ គឺថាមិនមានវិធីណាផ្សេងអាចជួយស្រោចស្រង់ទិន្នន័យនៅក្នុងទូរស័ព្ទដៃអ្នកបានឡើយ។

 

វិធីសាស្រ្តទី ១ – ដំឡើងប្រព័ន្ធដំណើរការសារជាថ្មី តាមកម្មវិធី iTunes

វិធីនេះ ទាមទារឱ្យទូរសព្ទរបស់លោកអ្នកធ្លាប់ Sync ឬ “ផ្ទេរឯកសារចេញ/ចូល” ជាមួយកុំព្យូទ័រ ទើបអាចប្រើបាន។ បើមិនដូច្នោះទេ សូមប្រើវិធីសាស្រ្តទី ២ ឬទី ៣។

១ – ភ្ជាប់ iPhone ជាមួយកុំព្យូទ័រតាមខ្សែ USB

២​ – បើកកម្មវិធី iTunes (ប្រសិនបើមិនទាន់មានសូម ចុចដោនឡូដ iTunes)

៣ – ត្រូវរង់ចាំ iTunes ធ្វើការ Sync ជាមួយ iPhone រហូតដំណើរការចប់

៤ – បន្ទាប់មក សូមចុចលើពាក្យ Restore លើកម្មវិធី iTunes (បើសិនជា iPhone ជាប់ iCloud សូមប្តូរទៅវិធីសាស្រ្តទី ២ វិញ)

៥ – ក្រោយការ Restore ឬ​ “ដំឡើងប្រព័ន្ធសារជាថ្មី” iPhone នឹងលោតចេញផ្ទាំងចាប់ផ្តើម ដូចកាលពីពេលទើបទិញថ្មីអីចឹងដែរ។

វិធីសាស្រ្តទី ២ – លុបទិន្នន័យទាំងស្រុងចេញពី iPhone តាមរយ:សេវា iCloud

ប្រសិនបើប្រិយមិត្តបានបង្កើត និងប្រើគណនី iCloud នៅលើ iPhone នោះលោកអ្នកដាច់ខាតត្រូវប្រើវិធីនេះ។

១ – ចូលទៅកាន់គេហទំព័រ www.icloud.com/#find នៅលើកុំព្យូទ័រ ឬទូរស័ព្ទណាផ្សេង

២​ – Sign in គណនី Apple ឬ iCloud ដែលបានបង្កើតប្រើក្នុង iPhone

៣ – ចុចបើកប្រអប់ All Devices រួចជ្រើសរើសឈ្មោះ iPhone ដែលបានភ្លេចលេខសម្ងាត់។ ភ្លាមនោះ ផ្ទាំងតូចមួយនឹងលោតចេញមក

៤ – ចុចលើពាក្យថា Erase iPhone ដែលមាននិម្មិតសញ្ញាធុងសម្រាម បន្ទាប់មក ចុចលើពាក្យថា Erase ម្តងទៀតដើម្បីបញ្ជាក់

៥ – រង់ចាំដំណើរការចប់ iPhone នឹងលោតចេញផ្ទាំងចាប់ផ្តើម ដូចកាលពីពេលទើបទិញថ្មីអីចឹងដែរ។

 

វិធីសាស្រ្តទី ៣ – ដំឡើងប្រព័ន្ធដំណើរការសារជាថ្មី តាមរយ: Recovery mode

ប្រសិនបើប្រិយមិត្តមិនដែល Sync iPhone ជាមួយនឹងកុំព្យូទ័រទេ ឬមិនបានប្រើគណនី iCloud ទេ ច្បាស់ណាស់ថានឹងត្រូវប្រើវិធីនេះ។

១ – ភ្ជាប់ iPhone ជាមួយនឹងកុំព្យូទ័រ រួចចាប់ផ្តើមបើកកម្មវិធី iTunes

២​ – បន្ទាប់មក សូមធ្វើការបិទបើក (Restart) ទូរស័ព្ទដៃ iPhone ដោយធ្វើតាមលំនាំខាងក្រោម៖

  • សម្រាប់អ្នកប្រើ iPhone 6s ឬស៊េរីទាបជាងនេះ សូមចុចប៊ូតុង Power/Lock និងប៊ូតុង Home ទាំង ២ ដំណាលគ្នាឲ្យជាប់រហូតដល់អេក្រង់រលត់ រួចលោតចេញរូបផ្លែប៉ោមមក សឹមដកដៃចេញពីប៊ូតុង Power/Lock ប៉ុន្តែត្រូវបន្តចុចប៊ូតុង Home រហូតទាល់តែឃើញរូបដូចខាងក្រោម
  • សម្រាប់អ្នកប្រើ iPhone 7 ឬ 7 Plus សូមចុចប៊ូតុង Power/Lock និងប៊ូតុងបន្ថយសំឡេង ទាំង ២ ដំណាលគ្នាឲ្យជាប់រហូតដល់អេក្រង់រលត់ រួចលោតចេញរូបផ្លែប៉ោមមក សឹមដកដៃចេញពីប៊ូតុង Power/Lock ប៉ុន្តែត្រូវបន្តចុចប៊ូតុងបន្ថយសំឡេង រហូតទាល់តែឃើញរូបដូចខាងក្រោម

៣ – ក្រោយមក ផ្ទាំងថ្មីមួយនឹងបង្ហាញចេញនៅលើកម្មវិធី iTunes ជាមួយជម្រើស ២ គឺ Restore និង Update។ នៅពេលនោះ សូមចុចលើប៊ូតុង Restore រួចកម្មវិធី iTunes នឹងធ្វើការទាញយកប្រព័ន្ធដំណើរការថ្មីសម្រាប់ iPhone ហើយប្រសិនបើដំណើរការនេះប្រើពេលហួសពី ១៥ នាទី iPhone នឹងចាកចេញពី Recovery mode​ វិញជាមិនខាន។ ប៉ុន្តែមិនជាថ្វីនោះទេ លោកអ្នកគ្រាន់តែ អនុវត្តចំណុចទី ២ និង ទី ៣ ម្តងទៀត ជាការស្រេច។

៤ – រង់ចាំដំណើរការចប់ iPhone នឹងលោតចេញផ្ទាំងចាប់ផ្តើម ដូចកាលពីពេលទើបទិញថ្មីអីចឹងដែរ។

 

@បើសិនប្រិយមិត្តមិនយល់ត្រង់ចំណុចណាសូម Comment សួរនៅពីក្រោមអត្ថបទដោយផ្ទាល់។

ចុចអានរបៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ

មតិយោបល់