សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឯកភាពគ្នា ពុំទាន់ចាប់ផ្តើមអនុវត្តការបង់ពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយ លើសេវាមិនមែនជាមូលដ្ឋានហិរញ្ញវត្ថុ រង់ចាំការពិភាក្សាជាមួយ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ២០ ខែកក្កដា ខាងមុខនេះ នឹងមានបំណងស្នើសុំឲ្យលុបបំបាត់ VAT ១០ភាគរយនេះផងដែរ។ នេះបើយោងតាមការឲ្យដឹងពី សន្និសីទសារព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្វើឡើងកាលពីម្សិលមិញនេះ។
លោក ហួត អៀងតុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើសេវាហិរញ្ញវត្ថុមួយចំនួននេះ គឺមានផលប៉ះពាល់ដល់ អតិថិជន ដែលប្រើប្រាស់សេវាកម្មទាំងអស់នេះ ពោលគឺ ជាបន្ទុកបន្ថែមទៅលើ ការចំណាយរបស់អតិថិជន ដែលប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុមួយចំនួន។
លោក ប៊ុន មុនី ទីប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងដែរថា VAT ១០ភាគរយលើសេវាកម្មហិរញ្ញវត្ថុមួយចំនួននេះ ជាបញ្ហាចម្បងថ្មីមួយសម្រាប់អតិថិជន និងជាបន្ទុកបន្ថែមដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។
ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន បានជួបផលលំបាកដោយសារ គោលនយោបាយពិដានអត្រាការប្រាក់ ១៨ភាគរយក្នុងមួយឆ្នាំ ដែលធ្វើឲ្យស្ថាប័ននោះ បាត់បង់ប្រាក់ចំណូលជាង ៥០ភាគរយឯណោះ ហើយការអនុវត្ត VAT ១០ភាគរយនេះ នឹងក្លាយជាបន្ទុកបន្ថែមទៀត ព្រោះស្ថាប័ន ពុំទាន់បានគិតថ្លៃពន្ធនេះ ទៅលើអតិថិជននៅឡើយទេ ហើយត្រូវការពេល ដើម្បីពន្យល់ដល់ពួកគេទៀតផង។
យ៉ាងណាមិញ លោក ប៊ុន មុនី បានបញ្ជាក់ពីការបារម្ភថា ការដាក់ពិដានការប្រាក់ ១៨ភាគរយ និងការយកពន្ធអាករលើតម្លៃបន្ថែម ១០ភាគរយនេះ អាចប៉ះពាល់ដល់និរន្តភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រោះគ្រាន់តែការដាក់ពិដានការប្រាក់ បានធ្វើឲ្យស្ថាប័នមួយចំនួន បាត់បង់ប្រាក់ចំណូលរហូតដល់ទៅ ៥០ភាគរយទៅហើយ។
ជាចុងក្រោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏រំពឹងថា នឹងមានលទ្ធផលវិជ្ជមាន ក្រោយកិច្ចប្រជុំពិភាក្សាជាមួយ អគ្គនាយកដ្ឋានពន្ធដារ ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់