នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសជាថ្មីម្តងទៀត ឲ្យបានដឹងថា ក្រសួងនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ រដូវកាលទី ២ ក្នុងឱកាស យុទ្ធនាការទិញផលិតផលខ្មែរ ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែឧសភាខាងមុខនេះ នៅបរិវេណវាលបែកចាន ទីលានបាល់ទាត់ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់បានបញ្ជាក់ថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការពារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
លោកបន្តថា ផលិតផលរបស់កម្ពុជា មានគុណភាពល្អ តម្លៃសមរម្យ តែត្រូវការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនខ្មែរ និងអន្តរជាតិ ដើម្បីទាក់ទាញការគាំទ្រថែមទៀត ហើយលោករំពឹងថា វត្តមានផលិតផលខ្មែរ នឹងកាន់តែកើនឡើង នៅលើទីផ្សារនានា ជាពិសេសតាម ផ្សារទំនើបផងដែរ។
យុទ្ធនាការទិញផលិតផលខ្មែរ ក៏បានចូលរួមផ្តល់ជាកម្លាំងចិត្តដល់ ផលិតករ និងពាណិជ្ជករខ្មែរ ធ្វើការពង្រឹងគុណភាព និងសោភ័ណភាពផលិតផល ស្របតាមស្ពង់ដាបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។
គួរជម្រាបដែរ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី ១ ត្រូវបានរៀបចំឡើងដោយជោគជ័យ ហើយគេសង្កេតឃើញផលិតផលខ្មែរភាគច្រើន ចាប់ផ្តើមរីកដុះដាល និងបង្ហាញវត្តមាននៅលើទីផ្សារក្នុងស្រុក និងផ្សារទំនើបទូទាំងប្រទេស៕
មតិយោបល់