ព័ត៌មានសេដ្ឋកិច្ច

បង្គា និងជ្រក់ស្ពៃ ក្នុងផ្សារអូរឫស្សី មានដាក់សារធាតុគីមី អាចបណ្តាលឲ្យស្លាប់បាន

បង្គា និងជ្រក់ស្ពៃមួយចំនួន នៅក្នុងផ្សារអូរឫស្សី ត្រូវបានរកឃើញថា មានផ្ទុកសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់បាន។ នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម នៅព្រឹកនេះ។

លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបកស្រាយឲ្យដឹងថា សារធាតុគីមី ដែលមានក្នុងបង្គា និងជ្រក់ស្ពៃនោះ អាចប៉ះពាល់ក្រពះ ពោះវៀន ដែលបណ្តាលឲ្យ ចុកពោះ រាគ ក្អួត ហើយបើធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់ទៀតផង។

មន្ទីរពិសោធន៍ចល័ត បានចុះទៅដល់ផ្សារអូរឫស្សី ក្រោមការដឹកនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយបានធ្វើតេស្តទៅលើទំនិញទាំងឡាយណា ដែលសង្ស័យថាមានសារធាតុគីមីហាមឃាត់ ដែលជាលទ្ធផលបឋម បង្គា និងជ្រក់ស្ពៃ មានផ្ទុកសារធាតុគីមីហាមឃាត់។

លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានឲ្យដឹងថា ជ្រក់ស្ពៃ មានដាក់សារធាតុអាស៊ីតខ្ពស់ ខណ:បង្គា មានដាក់សារធាតុហ្វកម៉ាលីន ដែលជាសារធាតុការពារកុំឲ្យខូចគុណភាព។

គួរបញ្ជាក់ថា កាំកុងត្រូល មិនមែនត្រឹមធ្វើនៅកន្លែងលក់ប៉ុណ្ណោះនោះទេ គឺស្វែងរកទាំងប្រភពដើមផលិត ព្រមទាំងត្រួតពិនិត្យទំនិញ និងផលិតផលនាំចូលជាប្រចាំ ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុង ចំពោះផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា៕

មតិយោបល់