ក្រុមហ៊ុន Smart Axiata បានលក់ភាគហ៊ុន ១០ភាគរយ ដែលមានតម្លៃ ៦៦លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនជប៉ុន Mitsui Co កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Axiata Group។
នៅក្នុងកិច្ចព្រមព្រៀងលក់ភាគហ៊ុននេះ ក្រុមហ៊ុន Mitsui Co ក៏អាចទិញភាគហ៊ុន ១០ភាគរយបន្ថែមទៀត ក្នុងរយៈពេល ១២ខែ ក្រោយពេលកិច្ចសហប្រតិបត្តិការនេះ ចាប់ផ្តើមនៅបំណាច់ខែឧសភានេះ។
យ៉ាងណាមិញ ក្រុមហ៊ុន Axiata Group នឹងគ្រប់គ្រង និងកាន់កាប់ភាគហ៊ុន ៨២.៥ភាគរយ បន្ទាប់ពីកិច្ចសហប្រតិបត្តិការនេះ ដំណើរការរួចរាល់។
ក្រុមហ៊ុនជប៉ុន Mitsui Co ដែលបានក្លាយជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Smart នឹងជម្រុញឲ្យក្រុមហ៊ុន Smart កាន់តែរឹងមាំលើវិស័យឌីជីថល និងឈានមុខគេនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០០៨ រហូតដល់ ២០១៦ ក្រុមហ៊ុន Smart បានបោះទុនប្រមាណ ៩៦៧លានដុល្លារអាមេរិក ដើម្បីដំណើរការនៅកម្ពុជា ហើយក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនគ្រោងនឹងបោះទុនបន្ថែម ៨០លានដុល្លារអាមេរិក ដើម្បីពង្រីកបណ្តាញ 4G។
គួរជម្រាបដែរថា ក្រុមហ៊ុន Smart បាននិងកំពុងផ្តល់ការងារជាង ៤ម៉ឺនកន្លែង ដោយផ្ទាល់និងដោយប្រយោលដល់ប្រជាជនកម្ពុជា៕
មតិយោបល់