ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរស២នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាមកពីខេត្តកំពង់ស្ពឺ បំណងមកដើរលេងនៅភ្នំពេញ ហើយជ្រុលបុកនឹងរថយន្តម៉ាកឡិចស៊ីស បើកបញ្ច្រាសផ្លូវ បំណងបត់ចូលភោជនីយដ្ឋានមួយកន្លែង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី យប់ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខភោជនីយដ្ឋានតាថាង តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ផុន លី ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងជនរងគ្រោះទី២ឈ្មោះ យីម ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរកម្មករោងចក្រ ជាមួយគ្នា។
ប្រភពព័ត៌មានពីជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៨នាក់ ជិះម៉ូតូ៤គឿង ចេញពីខេត្តកំពង់ស្ពឺ បំណងមកដើរនៅភ្នំពេញ ដោយជិះតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Y-5388 មួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរជាមួយ បើកបញ្ច្រាសផ្លូវ បំណងឆ្លងបត់ចូលភោជនីយ៍ដ្ឋាន តាថាង ពេលកំពុងបត់ដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវម៉ូតូរបស់ពួកគេ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-4101 បុកចំចំហៀងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅកាន់នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយតាមផ្លូវច្បាប់ ៕
មតិយោបល់