ព័ត៌មានសេដ្ឋកិច្ច

គោរស់អូស្រ្តាលី ជិត ៣០០០ក្បាល ចូលមកកម្ពុជាលើកដំបូង តាមនាវាទំនើបបំផុត

ព្រះសីហនុ: វាជាលើកដំបូង និងមិនធ្លាប់មានកន្លងមក ដែលគោរស់របស់អូស្ត្រាលី ចំនួនជិត ៣០០០ក្បាល ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា នឹងតម្រូវឱ្យមានការកែច្នៃ ដើម្បីបម្រើលើទីផ្សារក្នុងស្រុកយើង ដោយពេលនេះ បានដឹកមកដល់ចំណតកំពង់ផែព្រះស៊ីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។

នាវេលាម៉ោង០៨:០០នាទី ព្រឹកមិញនេះ នាវា ១គ្រឿងឈ្មោះ GREYMAN EXPRESS បានចូលចតនៅចំណតផែចាស់ គឺជានាវាដឹកគោរស់ចំនួន ២៧៦៦ក្បាល ចេញពីប្រទេស អូស្រ្តាលី ចូលមកកាន់ ព្រះរាជាណាចក្រកម្ពុជា ជាលើកទី១ តាមចក្រកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដឹកទៅកាន់រោងចក្រ អេសអិលអិន មីតសឹបផ្លាយ ភីធីវ៉ាយ អិលធីឌី (SLN Meat Supplies Pty Ltd) ជាក្រុម នវិនិយោគ លើរោងចក្រសត្វឃាត ខាងផ្នែកសម្លាប់គោយកសាច់ ដ៏ធំបំផុត ប្រចាំប្រទេស។

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (Sihanoukville Autonomous Port – PAS) បានឱ្យដឹងថា គោរស់ចំនួន ២៧៦៦ក្បាលនេះ នឹងត្រូវដឹកទៅកាន់រោងចក្រ អេសអិលអិន មីតសឹបផ្លាយ ភីធីវ៉ាយ អិលធីឌី (SLN Meat Supplies Pty Ltd) បន្ត ដើម្បីផលិត និងកែឆ្នៃសាច់គោស្រស់ៗ លំដាប់អន្តរជាតិ ប្រកបដោយគុណភាព អនាម័យ និងមានសុវត្ថិភាពខ្ពស់ ក្នុងការទទួលទាន សម្រាប់ប្រជាពលរដ្ឋខ្មែរ និងជនបរទស នានា។

គួរបញ្ជាក់ថា អេសអិលអិន មីតសឹបផ្លាយ ភីធីវ៉ាយ អិលធីឌី (SLN Meat Supplies Pty Ltd) គឺជាក្រុមហ៊ុន នៃរោងចក្រសត្វឃាត ទំហំទុនវិនិយោគ ២២លានដុល្លារអាមេរិក សម្រាប់ផលិតសាច់ស្រស់ៗ ក្នុងមួយថ្ងៃ សម្លាប់សត្វគោ ប្រមាណ ២០០ក្បាល ក្នុងការដឹកដាក់ដល់ដេប៉ូ ដែលបានចុះកិច្ចព្រមព្រាងជាមួយគ្នា ដោយផ្តល់សិទ្ធិចែកចាយ តាមបណ្តា ២៥ខេត្ត-ក្រុង និងរាជធានី ផងដែរ៕

មតិយោបល់