មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានអះអាងថា ការពិសោធន៍និងវិភាគចំពោះទឹកសុទ្ធ មិនមានឃើញផលប៉ះពាល់ដល់សុខភាពនោះទេ សូមប្រជាពលរដ្ឋកម្ពុជា កុំមានការព្រួយបារម្ភ ក្នុងការពិសារផលិតផលទឹកសុទ្ធ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកឡើងថា ទឹកសុទ្ធនៅកម្ពុជា ដែលកំពុងតែធ្វើចរាចរណ៍លើទីផ្សារ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយមន្រ្តីមន្ទីរជាច្រើនស្ថាប័ន ហើយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ។
លោកបន្តថា ការវិភាគគឺផ្តោតទៅលើលក្ខណៈរូប ទាក់ទងនឹងក្លិន ពណ៌ រសជាតិ កម្រិត pH លើមេរោគ ថាអាចបង្កជម្ងឺ ឬប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែរឬទេ និងវិភាគលើសារធាតុគីមី និងសារធាតុលោហៈធ្ងន់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
ដោយឡែក ចំពោះទឹកសុទ្ធវិញ នាយកដ្ឋានមន្ទីរពិសោធន៍ បានយកគំរូទឹកសុទ្ធដែលនាំចូល និងទឹកសុទ្ធផលិតនៅក្នុងស្រុក មកធ្វើការវិភាគជាប្រចាំ។
លោកអះអាងថា កម្រិត pH មិនមែនជាតម្លៃមួយដែលកំណត់ពីសុវត្ថិភាព និងធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺ ទឹកដែលមានចម្លងមេរោគ មានសំណល់ថ្នាំពុលកសិកម្ម -ល- ហើយការធ្វើតេស្តទឹកសុទ្ធតាមបណ្តាញសង្គមហ្វេសប៊ុក ក៏មិនទាន់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែរ។
គួរបញ្ជាក់ដែរថា ដើម្បីការពារសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋ អគ្គនាយកដ្ឋានកាំកុងត្រូល មិនមែនត្រឹមតែធ្វើការត្រួតពិនិត្យវិភាគទៅលើលទ្ធផលទឹកសុទ្ធតែមួយមុខនោះទេ គឺត្រួតពិនិត្យម្ហូបអាហារគ្រប់ប្រភេទ ទាំងការនាំចូល និងការផលិតក្នុងស្រុក៕
មតិយោបល់