កាលពីព្រឹកមិញនេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា សព្វថ្ងៃនេះ អតិថិជនរបស់ធនាគារអេស៊ីលីដា បានដកសាច់ប្រាក់ចេញពីទូ ATM អេស៊ីលីដា ប្រមាណ ៥លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ។
លោកបានឲ្យដឹងទៀតថា កាលពី ៥ឆ្នាំមុន ការដកសាច់ប្រាក់ចេញពីទូ ATM គឺប្រមាណ ១លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នឈានទៅដល់ ៥លានដុល្លារអាមេរិក ក្នុងមួយថ្ងៃ ហើយការធ្វើប្រតិបត្តិការតាមទូ ATM សរុបប្រមាណ ៤ម៉ឺនប្រតិបត្តិការ ជារៀងរាល់ថ្ងៃ។
សម្រាប់ការផ្ទេរប្រាក់ក្នុងស្រុក ១ថ្ងៃគឺប្រមាណ ៣០លានដុល្លារអាមេរិក ហើយការផ្ទេរប្រាក់ក្រៅស្រុកគឺប្រមាណ ៤លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ធនាគារ អេស៊ីលីដា បានប្រកាសដាក់ឲ្យប្រើប្រាស់ប័ណ្ណថ្មី ប្រភេទ EMV Chip ដើម្បីធានាសុវត្ថិភាពជូនអតិថិជនបានកាន់តែខ្ពស់ គ្មានការក្លែងបន្លំ និងមានសក្តានុពលខ្ពស់ ក្នុងការឈានទៅរកការទូទាត់ជាសកល។
កាតថ្មីនេះ អាចផ្ទុកទិន្នន័យបានច្រើន កត់ត្រាពីការប្រើប្រាស់របស់អតិថិជន កត់ត្រាបានត្រឹមត្រូវ ច្បាស់លាស់ អាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងកំពុងអភិវឌ្ឍន៍នៅប្រទេសឡាវ អាចនឹងឈានទៅ បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទៀតផង។
គិតត្រឹមបំណាច់ខែមេសា ឆ្នាំ ២០១៧នេះ ធនាគារអេស៊ីលីដា មានបុគ្គលិកជាង ១ម៉ឺន២ពាន់នាក់ កំពុងបម្រើការនៅតាមបណ្តាសាខាចំនួន ២៦០ការិយាល័យទូទាំងប្រទេស។
គួរជម្រាបដែរថា ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ៤៨០០លានដុល្លារអាមេរិក ឥណទានសរុបចំនួន ២៨០០លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣២០០លានដុល្លារអាមេរិក៕
មតិយោបល់