ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរក្រលៀនមនុស្ស

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចបានបញ្ជូន ជនសង្ស័យទី១ឈ្មោះ ឡាច ហុងម៉េង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងទី២ឈ្មោះ អើ ឡាត ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ ស្រុកកញ្ចៀច ខេត្តព្រៃវែង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។

គួររំលឹកថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ញួន សុខហេង ភេទស្រី អាយុ ២៧ឆ្នាំ ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនបានពាក់ព័ន្ធករណី ជួញដូរសរីរាង្គ ដោយនាំជនរងគ្រោះទៅវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌា កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់បានជនសង្ស័យម្នាក់ និង ចំណុចផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ លិខិតឆ្លងដែនចំនួន ១២ក្បាល ដកហូតរថយន្ត១គ្រឿងម៉ាក Lexus RX 330 ពណ៌ប្រផះ គ្មានស្លាកលេខ និងឯកសារពាក់ពន្ធ័បទល្មើសមួយចំនួនទៀត៕

មតិយោបល់