ផ្សារទំនើប Makro មកពីប្រទេសថៃ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំ និងមានទីតាំងក្បែរផ្សារទំនើបអ៊ីអនម៉លទី ២ បានសម្ពោធសាងសង់ជាផ្លូវការនៅថ្ងៃនេះ ហើយគ្រោងនឹងបើកដំណើរការនៅក្នុងខែធ្នូ ឆ្នាំ ២០១៧។
លោកស្រី ស៊ូឆាដា អ៊ីធីចារុគុល នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានឲ្យដឹងថា ការបើកសាខាដំបូងនៅកម្ពុជា គឺបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក L.Y.P Group ដែលសាងសង់នៅលើផ្ទៃដីជាង ៥ហិកតា។
លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញបានលើកឡើងថា សមិទ្ធិផលថ្មីនេះ គឺឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេស ហើយផ្សារទំនើបបែបនេះ នឹងជួយកាត់បន្ថយ ការលក់ដែលគ្មានរបៀបរៀបរយ និងជម្រុញឲ្យមានបរិបទលក់ដូរថ្មីមួយ ដែលមានស្តង់ដារ និងគុណភាព។
ជាមួយបទពិសោធន៍ជិត ៣០ឆ្នាំ ផ្សារទំនើប Makro សង្ឃឹមថា នឹងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញដ៏មានសក្តានុពល។
គួរជម្រាបដែរថា ផ្សារទំនើបម៉ាក្រូ នឹងផ្គត់ផ្គង់ផលិតផលទំនិញបោះដុំ ដែលមានគុណភាពខ្ពស់ និងមានការធានាសុវត្ថិភាពដោយប្រទេសថៃ និងស្តង់ដារអន្តរជាតិ៕
មតិយោបល់