ព័ត៌មានសេដ្ឋកិច្ច

ធនាគារពិភពលោក ត្រៀមថវិកា ៥៤០លានដុល្លារ សម្រាប់កម្ពុជា ចាប់ពីឆ្នាំ ២០១៨-២០២១

ធនាគារពិភពលោក បានបែងចែក និងត្រៀមថវិកាប្រមាណ​ ៥៤០លានដុល្លារអាមេរិក សម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅកម្ពុជា ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវ Ellen Goldstein នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងប៉ាស៊ីហ្វិ បានជួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងជម្រុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងធនាគារពិភពលោក។

លោកជំទាវ Ellen Goldstein បានសន្យាថា នឹងជួយរដ្ឋាភិបាលកម្ពុជា ក្នុងការស្រូបទាញយកថវិកាបម្រុងនេះ យកមកប្រើប្រាស់ឲ្យអស់តាមផែនការ និងស្របតាមតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដែរថា សម្រាប់រយ:ពេលខ្លីចំពោះមុខ រដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពលើ វិស័យការអភិវឌ្ឍន៍ជំនាញ​ ការបង្កើនផលិតភាពកសិកម្ម និងការលើកកម្ពស់សេវាកម្មវិស័យទេសចរណ៍។

សម្រាប់អាទិភាពរយ:ពេលមធ្យម និងវែង មានដូចជា៖ ការអភិវឌ្ឍសមត្ថភាពជំនាញស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (IDP) សំដៅប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសឧស្សាហកម្មផ្អែកលើពលកម្មជំនាញ, បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវត្ត ដែលគាំទ្រចីរភាពកំណើនសេដ្ឋកិច្ច, ពង្រឹងវិស័យឡូជីស្ទីក ឲ្យកាន់តែមានភាពរស់រវើក និងប្រទាក់ក្រឡាទូទាំងប្រទេស និងវិស័យបង្កើនផលិតភាពកសិកម្ម។

ជាចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា ក៏បង្ហាញពីមហិច្ឆតាថ្មីមួយទៀត គឺការប្រែក្លាយទៅជា ប្រទេសអ្នកផ្តល់វិភាគទានដល់ សហគមន៍អភិវឌ្ឍន៍អន្តរជាតិ របស់ធនាគារពិភពលោក (IDA) ដើម្បីចូលរួមចំណែកគាំទ្រកិច្ចអភិវឌ្ឍន៍របស់ បណ្តាប្រទេសក្រីក្រដទៃផ្សេងៗទៀត៕

មតិយោបល់