ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន៤នាក់!

ភ្នំពេញ: ជនសង្ស័យ៤នាក់ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់ការចុះបង្ក្រាបចាប់ឃាត់ខ្លួន។

ប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ឈ្មោះ ទីវ គា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក, ទី២ឈ្មោះ អ៊ុក វីឡា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងម៉ូតូ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវបេតុង ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ, ទី៣ឈ្មោះ អុល ផាន់នី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងចំណាក់ (ប្រើប្រាស់គ្រឿងញៀន) និងទី៤ឈ្មោះ ផាត សុភ័ក្ត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ (ប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នអ្នកទាំង ២នាក់ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវហាន់ណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង៤នាក់ដែលកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួននោះ គឺជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែង។ ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដកហូតថ្នាំញៀន២កញ្ចប់និងម៉ូតូ២គ្រឿង។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះមក សមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលស្វាយប៉ាកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់