ក្នុងឆ្នាំ ២០០២ អ្នកដាក់ប្រាក់ក្នុងធនាគារនៅកម្ពុជាមានចំនួន ៨៤,០០០នាក់ ហើយបច្ចុប្បន្ន មាន រហូត ៣លាននាក់ ហើយគណនីនៅតាមមីក្រូហិរញ្ញវត្ថុមានចំនួន ១.៥លាន កើនពី ១០៧,០០០ គណនី។ នេះបើយោងតាមការឲ្យដឹងពី លោក Sam Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា។
បច្ចុប្បន្ន ប្រទេសកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ ក្នុងតំបន់នេះ។ កំណែទម្រង់វិស័យហិរញ្ញវត្ថុគឺជាចលករដ៏សំខាន់មួយ ដែលនាំឲ្យមានការផ្លាស់ប្តូរបែបនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។
លោកបន្តថា «ស្ថិតិភាពក្រីក្រចុងក្រោយរបស់ប្រទេសកម្ពុជាបង្ហាញថា មានប្រជាជន ១៤% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ កាលពី ២០ ឆ្នាំមុន តួលេខនេះគឺជាង ៥០%។ ការថយចុះនេះមួយផ្នែកគឺដោយសារតែមានការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងមានបរិយាប័ន្នជាងមុន។»
កាលពីឆ្នាំ ២០០១ នៅពេលដែល ADB ចាប់ផ្តើមផ្តល់ការគាំទ្រដល់កម្មវិធីទីមួយ ឥណទានសរុបដែលផ្តល់ដល់វិស័យឯកជន គឺត្រឹមតែ ៦% នៃ ផសស ប៉ុណ្ណោះ។ នៅចុងឆ្នាំ ២០១៦ ភាគរយនេះបានកើនដល់ប្រមាណជា ៧០%។
ឥឡូវនេះ ប្រជាជនមានប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ អ្នកធ្វើការងារនៅទីក្រុងអាចផ្ញើប្រាក់ ដែលពួកគេរកបាន ទៅឲ្យក្រុមគ្រួសារនៅតាមខេត្ត នៅថ្ងៃដែលពួកគេបើកប្រាក់ខែតែម្តង ជាជាងត្រូវកាន់សាច់ប្រាក់យកទៅផ្ទះដោយខ្លួនឯង។
ការមានចំនួនគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែច្រើនមានន័យថា មានផលិតផល និងសេវាកាន់តែសម្បូរបែប ហើយការប្រកួតប្រជែងធ្វើឲ្យចំណាយលើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែចុះទាប។ ប្រជាពលរដ្ឋអាចទុកប្រាក់សន្សំ និងយកទៅវិនិយោគ។
ចំនួន ATM ឥឡូវនេះមាន ១,២៦០កន្លែង ហើយចំនួនម៉ាស៊ីន EFTPOS (ម៉ាស៊ីនសម្រាប់ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនៅកន្លែងលក់ទំនិញ) គឺសូន្យនៅឆ្នាំ ២០០២ ហើយឥឡូវនេះម៉ាស៊ីននេះមានបំពាក់នៅ ៥,៣០០កន្លែង។
គួរជម្រាបដែរថា សកម្មភាពពាណិជ្ជកម្មជាច្រើនកំពុងកើតមានក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង ១៦ ទូទាំងប្រទេសកម្ពុជា មានក្រុមហ៊ុនចំនួន ៣០០ ផ្តល់ការងារឲ្យមនុស្ស ៩២,០០០ នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ៕
មតិយោបល់