គម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៣ជាន់ ឬមានឈ្មោះថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ។
គម្រោងនេះមានឈ្មោះថា «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» គ្រោងចាប់ផ្តើមដំណើរការសាងសង់ក្នុងឆ្នាំនេះ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ឌ្រីម លែនឌ៏ ហើយចំណាយពេលសាងសង់រយៈពេល ៥ឆ្នាំ។
អគារខ្ពស់កប់ពពកនេះ មានកម្ពស់ប្រមាណជា ៥០០ម៉ែត្រ ដែលនឹងជំនួសសួនកំសាន្តឌ្រីម លែនឌ៏ បានទទួលការអនុម័តយល់ព្រមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ កាលពីខែកុម្ភៈកន្លងទៅនេះ ហើយត្រូវបានរំពឹងថា នឹងក្លាយជាអគារខ្នាតយក្សក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនសាងសង់ចិន ចំនួន ២ ដើម្បីធ្វើការសាងសង់អគារនេះ លើផ្ទៃដី ៥ហិកតា អាចផ្ទុករថយន្តបាន ៥ពាន់គ្រឿង ជាពិសេសគឺមាន សណ្ឋាគារលំដាប់ផ្កាយ ៥ ចាប់ពីជាន់ទី ១០១ ដល់ជាន់ទី ១៣២។
គិតត្រឹមឆ្នាំ ២០១៥ គម្រោងវិនិយោគលើអគារកម្ពស់ខ្ពស់ ចាប់ពី ៥ ដល់ ៥៥ជាន់ នៅទូទាំងរាជធានីភ្នំពេញ មានប្រមាណ ៦៨៥អគារ នេះបើយោងតាមរបាយការណ៍ពី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕
មតិយោបល់