ព័ត៌មានសេដ្ឋកិច្ច

ពិព័រណ៍ស្ថាបត្យកម្ម និងការរចនាផ្ទៃខាងក្នុងកម្ពុជា ចាប់ផ្តើមបើកសម្ពោធជាផ្លូវការហើយ

នៅថ្ងៃនេះ ពិព័រណ៍ស្ថាបត្យករ និងការរចនាផ្ទៃខាងក្នុងកម្ពុជា ឆ្នាំ ២០១៧ ចាប់ផ្តើមបើកសម្ពោធជាផ្លូវការ ចាប់ពីថ្ងៃនេះ រហូតដល់ទី ១០ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការកែសម្រួលលើកទី ២ នៃពិព័រណ៍​ស្ថាបត្យកម្ម និង​ការតុបតែង​កម្ពុជា ដែលជាពិព័រណ៍អន្តរជាតិ និងជាធនធានដ៏ល្អបំផុតសម្រាប់សម្ភារសំណង់ ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង គ្រឿងសង្ហារឹម និងការតុបតែងនៅកម្ពុជា។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការតាំងពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលអ្នកវិនិយោគលើវិស័យស្ថាបត្យកម្ម និងដេគ័រ និងវិស័យឧស្សាហកម្មសំណង់ និងការសាងសង់ មិនគួរមើលរំលង ពីព្រោះទីផ្សារអចលនទ្រព្យកម្ពុជា ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងពី វិនិយោគិនអន្តរជាតិ ជាពិសេសក្នុងតំបន់អាស៊ាន អាស៊ី និងសមាគមអន្តរជាតិនាពេលបច្ចុប្បន្ន។

លោកក៏សង្ឃឹមដែរថា នាឱកាសតាំងពិព័រណ៍នេះ វិនិយោគិនមកពីបរទេស នឹងកសាងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធក្នុងស្រុក ដែលមានវត្តមានក្នុងពិព័រណ៍នេះ ដើម្បីចាប់ដៃគ្នាវិនិយោគ និងអភិវឌ្ឍន៍លើវិស័យសំណង់នៅកម្ពុជា ឲ្យបានកាន់តែរីកចម្រើន។

ចាប់តាំងពីឆ្នាំមុនមក ស្ថាបត្យកម្ម និងការតុបតែងកម្ពុជាបានធ្វើឱ្យមានកំណើន ២៥% ដោយស្វាគមន៍ដល់ក្រុមហ៊ុន និងម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុកចំនួន ១៥០ ដូចជា វេទិកាអន្តរជាតិមកពីប្រទេសថៃ និងអ្នកតាំងពិព័រណ៍មកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម អ៊ីតាលី មីយ៉ាន់ម៉ា និងប្រទេសចិន។

គួរជម្រាបដែរថា ព្រឹត្តិការណ៍សំខាន់ៗនៅឆ្នាំនេះមានដូចជា ផលិតផលថ្មីៗដែលចាប់ផ្តើមលក់លើកដំបូងនៅកម្ពុជា ការបង្ហាញផលិតផលរស់រវើក ការបង្ហាញផលិតផលដែលមានគំនិតច្នៃប្រឌិត ដើម្បីការពារបរិស្ថានរៀបចំដោយក្រុមហ៊ុន SCG Cambodia សិក្ខាសាលាស្តីពី “វិជ្ជាជីវៈស្ថាបត្យកម្ម និងបរិស្ថានសាងសង់” រៀបចំដោយសមាគមស្ថាបត្យករកម្ពុជា ការបង្ហាញការប្រកួតប្រជែងគូរប្លង់របស់សមាគមស្ថាបត្យករកម្ពុជា និងកម្មវិធីភោជនីយអាហារពេលល្ងាច សម្រាប់កសាងបណ្តាញទំនាក់ទំនងស្ថាបត្យករកម្ពុជា ឆ្នាំ ២០១៧៕

មតិយោបល់