រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុក បានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃដំឡូងមី តាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម។
ប៉ុន្តែដើម្បីចាប់យកនូវកាលានុវត្តភាពនេះ កម្ពុជាចាំបាច់ត្រូវធ្វើការវិនិយោគបន្ថែម និងការឯកភាពជាធ្លុងមួយ រវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានាដូចជា៖ ភាពទន់ខ្សោយខ្សែចង្វាក់តម្លៃ កង្វះព័ត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀតទាត់ និងគុណភាពប្រែប្រួលនៃដំឡូងមី ដែលជាកត្តារាំងស្ទះដល់ការលូតលាស់នៃឧស្សាហកម្មដំឡូងមីនៅកម្ពុជា។
ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ លើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។
ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីពាក់ព័ន្ធតាមវិស័យនានា តម្រង់ឆ្ពោះទៅរកទីផ្សារក្នុងបណ្តាឆ្នាំកន្លងមក បានជួយជំរុញកំណើននាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ក្នុងល្បឿនមួយគួជាទីមោទនៈ។
យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ទៃដីដាំដុះដំឡូងមី បានកើនពីប្រមាណ ៣០ ០០០ហិកតា ក្នុងឆ្នាំ ២០០៥ ដល់ ៦៨៤ ០៧០ហិកតា ក្នុងឆ្នាំ ២០១៦ កន្លងមកនេះ។
ផ្ទៃដីប្រមូលផលក្នុងឆ្នាំ ២០១៦ មានចំនួន ៦៧៥ ១២៦ហិកតា ទទួលបានបរិមាណផលសរុបប្រមាណ ១៤,៨លានតោន ទិន្នផលមធ្យមជិត ២២តោន/ហិកតា។
ទីផ្សារនាំចេញផលិតផលដំឡូងមី ត្រូវបានពង្រីកពី ៤ប្រទេស (ថៃ, វៀតណាម, ចិន, បារាំង) ក្នុងឆ្នាំ២០១៤ ទៅ ១៦ប្រទេស ក្នុងឆ្នាំ២០១៦ រួមមាន៖ កាណាដា, ចិន, អង់គ្លេស, ហ្វាំងឡង់, ឥណ្ឌា, អ៊ីតាលី, កូរ៉េ, លីទុយអានី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហូឡង់, ញូវហ្សឺលែន, កោះតៃវ៉ាន់, ថៃ, អាមេរិក និងវៀតណាម។
ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០១៧នេះ គឺសម្រេចបានជាង ៣.១៨លានតោន ក្នុងនោះ ការនាំចេញផលិតផលដំឡូងមី រួមមាន៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី និងកាកសំណល់ដំឡូងមី បានស្ថិតក្នុងនិន្នាការកើនឡើងជាលំដាប់ផងដែរ គឺបានកើនពីជាង ០.២២លានតោនក្នុងឆ្នាំ ២០១២ ដល់ជាង ៣.៦លានតោន ក្នុងឆ្នាំ ២០១៦៕
មតិយោបល់