សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបេឡេជាបណ្តោះអាសន្ន ឆ្លងកាត់ទន្លេសាប ដែល តភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីម៉ិចឬស្សីកែវ ទៅផ្លូវជាតិលេខ ៦អា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ ក្រុមហ៊ុន OCIC។
លោក អៀង អូននី អភិបាលរងនៃសាលាក្រុងភ្នំពេញ បានឲ្យដឹងថា ការសាងសង់ស្ពានដែកបេឡេនេះ គឺធ្វើដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្នសិន ព្រោះស្ពានជ្រោយចង្វារចាស់ នឹងត្រូវធ្វើការជួសជុលនាពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីបញ្ចប់ការជួសជុល ស្ពានដែកបេឡេនេះ នឹងត្រូវរុះរើចេញ ជំនួសដោយស្ពានថ្មវិញ ដោយលើកកម្ពស់ស្ពានថ្មី អោយប្រហាក់ប្រហែលស្ពានជ្រោយចង្វារ ហើយជើងទេរស្ពានបើកឲ្យបាន ៦០ម៉ែត្រ។
គួររម្លឹកដែរថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេថ្មី ដែលមានតម្លៃជាង ៣៥លានដុល្លារអាមេរិក តភ្ជាប់ផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា។
លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានលើកឡើងថា កញ្ចប់ថវិកាសម្រាប់សាងសង់ស្ពាននេះ គឺត្រៀមរួចរាល់ហើយ នៅសល់តែផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលត្រូវដោះស្រាយតែប៉ុណ្ណោះ។
លោកបន្តថា ដោយទីក្រុងភ្នំពេញ ស្ថិតចំចំណុចប្រសព្វនៃទន្លេចតុមុខ ទីតាំងដែលល្អសម្រាប់ការរស់នៅគឺ តំបន់ទាំង ៤ ដែលស្ថិតនៅជាប់ទន្លេ រួមមាន ទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារ តំបន់អរិយក្សត្រ និងតំបន់ច្បារអំពៅ។
គម្រោងសាងសង់ស្ពាននេះ អាចនឹងឆ្ពោះចំ តំបន់ឃ្លាំងសាំងសូគីម៉ិច ហើយសាលារាជធានីភ្នំពេញ គ្រោងបន្ថែមផ្លូវ ១ខ្សែទៀត បាញ់ទៅផ្លូវទំនប់ទួលគោក។
គួរបញ្ជាក់ថា គម្រោងស្ពានឆ្លងពីផ្លូវជាតិលេខ ៥ ត្រង់តំបន់ឫស្សីកែវ ទៅផ្លូវជាតិលេខ ៦អា ត្រង់តំបន់ជ្រោយចង្វារ បានបញ្ចប់ការសិក្សារួចរាល់ជាស្ថាពរ ហើយរំពឹងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅពេលគម្រោងស្ពាននេះ ត្រូវបានបញ្ចប់៕
គម្រោងស្តារស្ពានជ្រោយចង្វារចាស់ ចំណាយ ៣៣លានដុល្លារ ចាប់ផ្តើមនៅខែកញ្ញា
មតិយោបល់