ព័ត៌មានសេដ្ឋកិច្ច

រម្លឹកជាថ្មី ចាប់ពីថ្ងៃទី១ ខែមីនា ត្រូវប្រើតែមពន្ធថ្មីភ្ជាប់ QR Code បិទលើកញ្ចប់បារី

កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចុះត្រួតពិនិត្យ ការបិទតែមពន្ធថ្មី សម្រាប់បារី ក្រោយពីបានប្រកាសប្រើប្រាស់តែមពន្ធថ្មី សម្រាប់បិទលើកញ្ចប់បារី ដែលមានភ្ជាប់ QR Code មិនអាចលួចបន្លំបាន ដើម្បីធានាប្រសិទ្ធភាពចំណូលពន្ធចូលជាតិ។

ក្រោយការចុះត្រួតពិនិត្យ បានឲ្យដឹងថា សហគ្រាសផលិត និងនាំចូលបារី អ្នកលក់ និងអ្នកចែកចាយបារីក្នុងស្រុកមួយចំនួន មិនទាន់អនុវត្តត្រឹមត្រូវ នូវការបិទតែមប្រិ៍អាករប្រភេទថ្មី ដូច្នេះសូមរម្លឹកជាថ្មី ឲ្យចាប់ផ្តើមប្រើប្រាស់តែមពន្ធថ្មី ចៀសវាងនៅពេលត្រួតពិនិត្យពេលក្រោយ អាចឈានដល់ការឃាត់ទុក និងគ្រប់គ្រងបារី តម្រូវឲ្យអ្នកផលិត ឬអ្នកនាំចូលបារីទាំងនោះ ទទួលខុសត្រូវចំពោះមុខច្បាប់។

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ ក្រុមហ៊ុនផលិតបារីក្នុងស្រុក និងនាំចូលទាំងអស់ ត្រូវបានបិទតែមពន្ធថ្មីនៅលើ កញ្ចប់បារី បើពុំដូច្នោះទេ ចាប់ពីខែសីហា ឆ្នាំ ២០១៧ គឺមិនអនុញ្ញាតឲ្យធ្វើចរាចរលក់ នៅលើទីផ្សារឡើយ។

ដូច្នេះ អាជីវករទាំងអស់ ដែលនៅសល់ផលិតផលបារី មានបិទតែមចាស់ ត្រូវតែបញ្ជូនត្រឡប់មកឲ្យក្រុមហ៊ុនវិញ ចៀសវាងការរឹបអូស និងការព្រមានមួយចំនួន។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ការសម្រេចដាក់ឲ្យប្រើប្រាស់តែមថ្មីនេះ គឺធានាដល់ការទប់ស្កាត់ ការក្លែងបន្លំសន្លឹកតែមពន្ធនៅលើទីផ្សារ ដែលនាំឲ្យបាត់បង់ចំណូលជាតិ។

តែមពន្ធថ្មីនេះ មានលក្ខណៈពិសេសជាច្រើន ដូចជា មានសុវត្ថិភាពទាំងក្រដាសពណ៌ទឹកថ្នាំ មើលតាមរយៈម៉ាស៊ីនអេឡិចត្រូនិក មាន QR Code បង្ហាញអំពីព័ត៌មាន ឈ្មោះក្រុមហ៊ុន។

គួរជម្រាបដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១ម៉ឺននាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារជម្ងឺ ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំជក់ គិតជាមធ្យមគឺ ៣០នាក់ស្លាប់ជារៀងរាល់ថ្ងៃ៕

មតិយោបល់