ព័ត៌មានសេដ្ឋកិច្ច

ចិន កំពុងបង្កើតបច្ចេកវិទ្យា រថភ្លើងល្បឿនលឿនបំផុត ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង

ប្រទេសចិនកំពុងសិក្សាពី បច្ចេកវិទ្យាជំនាន់ថ្មីនៃ រថភ្លើងល្បឿនលឿន ដែលដឹកអ្នកដំណើរក្នុងល្បឿន ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងដឹកជញ្ជូនទំនិញក្នុងល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយកង់ ដែលអាចបត់បែនទៅតាមប្រភេទផ្លូវ ជុំវិញពិភពលោក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីព្រឹកមិញនេះ។

បច្ចេកវិទ្យានេះ មានសមត្ថភាពឥតខ្ចោះ ដែលអាចឲ្យកង់រថភ្លើង ផ្លាស់ប្តូរទៅតាម គ្រប់បរិយាកាសជុំវិញពិភពលោក ដូចជា វាលខ្សាច់ ព្រៃលិចទឹក តំបន់ត្រជាក់ខ្លាំងជាដើម ហើយចិន ប្តេជ្ញាបង្កើតបច្ចេកវិទ្យានេះ ដើម្បីនាំមុខប្រទេសដទៃទៀតដូចជា សហរដ្ឋអាមេរិក ជប៉ុន នឹងអឺរ៉ុប។

លោក Jia ជាប្រធានដឹកនាំកម្មវិធីអភិវឌ្ឍន៍រថភ្លើងល្បឿនលឿន បានឲ្យដឹងថា បច្ចុប្បន្នផ្លូវដែកក្នុងស្រុក បានគ្របដណ្តប់លើផ្ទៃដី ២ម៉ឺនគីឡូម៉ែត្រ ហើយនឹងពង្រីកដល់ ៣ម៉ឺនគីឡូម៉ែត្រ ត្រឹមឆ្នាំ ២០២០ នឹង ៤ម៉ឺន ៥ពាន់គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០។

គាត់បានបន្ថែមទៀតថា ផ្អែកតាមបច្ចេកវិទ្យា នឹងពាណិជ្ជកម្ម បច្ចេកវិទ្យាផ្លូវដែករបស់ប្រទេសចិន កាន់តែអស្ចារ្យជាមួយបទពិសោធន៍ ដែលពួកគេសាងសង់នៅក្នុងស្រុក នឹងក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា ចិនបានបំបែកកំណត់ត្រាម្តងរួចទៅហើយ ក្នុងការបង្កើតរថភ្លើងល្បឿនលឿន ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ចំនួន ២ ដែលមានឈ្មោះថា Golden Phoenix នឹង Dolphin Blue៕

china-bullet-train-500kmh

មតិយោបល់