ព័ត៌មានសេដ្ឋកិច្ច

Kerry Express សហការជាមួយហាង Jiffy ផ្តល់សេវាកម្មទទួល និងបញ្ជូនបញ្ញើទំនិញកញ្ចប់

ក្រុមហ៊ុន Kerry Express បានចាប់ដៃគូសហការជាមួយហាង Jiffy Convenient Store របស់ក្រុមហ៊ុន PTT Cambodia ក្នុងការផ្តល់នូវសេវាកម្មទទួល និងបញ្ជូនបញ្ញើទំនិញកញ្ចប់ដោយផ្ទាល់ដៃ។

ក្រុមហ៊ុន Kerry Express នឹងផ្តល់សេវាកម្មបញ្ញើកញ្ចប់នេះ នៅគ្រប់ហាង Jiffy ដោយចាប់ផ្តើមដំបូងចំនួន ៣ហាងជាមុនសិន ហើយនឹងពង្រីកវិសាលភាពជាបន្តបន្ទាប់ នៅទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Kerry Express និងក្រុមហ៊ុន PTT Jiffy លោក Suthon Choothian នាយកប្រតិបត្តិក្រុមហ៊ុន PTT Jiffy បានលើកឡើងថា ការចាប់ដៃគូជាមួយក្រុមហ៊ុន Kerry Express នឹងផ្តល់ជម្រើសថ្មីមួយទៀត សម្រាប់អតិថិជន ដែលមកចាក់សាំង ដោយពួកគេអាចមកពិសារកាហ្វេ ទិញទំនិញនៅហាង Jiffy និងអាចទទួលបានសេវាកម្មបញ្ញើទំនិញថែមទៀតផង។

លោកបន្តថា បច្ចុប្បន្ន ហាង Jiffy មានចំនួន ២៤ទីតាំង ដោយគ្រោងនឹងពង្រីកបន្ថែមឲ្យបាន ៣៤សាខា នៅក្នុងឆ្នាំ ២០១៨នេះ។

លោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន Kerry Express បានលើកឡើងថា ការផ្តល់សេវាកម្មទទួលបញ្ញើថ្ងៃនេះ ស្អែកដល់ គឺសេវាកម្មទាន់សម័យ ដែលក្រុមហ៊ុន បាននិងកំពុងផ្តល់ ដោយផ្តោតលើទំនិញគ្រប់ប្រភេទ គ្រប់ទំហំ ទៅតាមតម្រូវការរបស់អតិថិជន។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ តម្លៃសេវាកម្ម ត្រូវបានគណនាផ្អែកលើទំហំកញ្ចប់ទំនិញបញ្ញើ ជំនួសឲ្យការគណនាតម្លៃផ្អែកទៅលើទម្ងន់ទំនិញ កម្រៃតម្លៃសេវាកម្ម អាចមានតម្លៃចាប់ពី ១ដុល្លារឡើងទៅ។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុន Kerry Express មានបំណងបង្កើតមជ្ឈមណ្ឌលភស្តុភារថ្មីមួយនៅភ្នំពេញ ដោយបង្កើននូវលទ្ធភាព ក្នុងការរៀបចំញែកមុខទំនិញបញ្ញើ ដាក់តម្រៀបទៅតាមប្រភេទនៃទំនិញបញ្ញើនីមួយៗ ឲ្យនៅដោយឡែកៗពីគ្នា។

គួរជម្រាបដែរថា ក្រុមហ៊ុន Kerry Express ក៏មានបណ្តាញគមនាគមន៍ច្រើនជាង ៥០ទីតាំង និងមជ្ឈមណ្ឌលចែកចាយចំនួន ៣០ទីតាំង នៅក្នុងទូទាំងប្រទេសកម្ពុជា រួមមាន ភ្នំពេញ កំពង់ធំ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្រចេះ កំពង់ចាម តាកែវ កំពត ក្រុងព្រះសីហនុ និងកោះកុងជាដើម៕

មតិយោបល់