ជើងហោះហើរត្រង់ពី ទីក្រុង វូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន មកកាន់ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក Wu Fengfeng អនុប្រធានសភាប្រជាជនចិន ទីក្រុងវូស៊ី បានឲ្យដឹងថា ការសម្ពោធបើកជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងវូស៊ី បានផ្តល់ផលប្រយោជន៍ទាំងសងខាង ហើយរាជរដ្ឋាភិបាលចិន នឹងបន្តជម្រុញភ្ញៀវទេសចរ និងវិនិយោគិនចិន ឲ្យមកកម្ពុជាបន្ថែមទៀត។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ការបើកជើងហោះហើរត្រង់នេះ នឹងជម្រុញឲ្យមានការរីកចម្រើនផ្នែកពាណិជ្ជកម្ម កំណើនសហគ្រិន បង្កើនភាពងាយស្រួលចំពោះវិស័យទេសចរណ៍ ព្រោះចំណាយពេលត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ សម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ដែរថា ជើងហោះហើរត្រង់នេះ គឺរត់ ២ជើង ក្នុងមួយសប្តាហ៍ ពោលគឺ រៀងរាល់ថ្ងៃសុក្រ និងថ្ងៃអាទិត្យ តាមក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline។
រីឯ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ចិន ក្នុងឆ្នាំ ២០១៥ មានចំនួនជាង ៤.៣ពាន់លានដុល្លារអាមេរិក ហើយគិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៦ មានចំនួនជាង ២.៣ពាន់លានដុល្លារអាមេរិក៕
មតិយោបល់