ព័ត៌មានសេដ្ឋកិច្ច

ចង់ដឹង ដីឡូតិ៍ ផ្ទះល្វែង ខុនដូ ជាគម្រោងខ្យល់ឬអត់ អាចខលសួរបាន

កាលពីម្សិលមិញ លោក គីម ហ៊ាង បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោក ឲ្យដឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋខ្មែរ ចង់ដឹងថា គម្រោងដីឡូតិ៍ ផ្ទះល្វែង ឬខុនដូ ជាគម្រោងរបស់ក្រុមហ៊ុនពិត ឬជាក្រុមខ្យល់ គឺអាចទាក់ទងមកសួរសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាន។

លោកបានពន្យល់ថា ក្រុមហ៊ុនអចលនទ្រព្យ មានន័យថា បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានប៉ាតង់ និងមានអាជ្ញាបណ្ណផ្នែកអចលនទ្រព្យពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីចៀសវាងការចាញ់បោក គម្រោងខ្យល់ លោកអ្នកអាចទាក់ទងមកកាន់ទូរស័ព្ទលេខ 023 63 24 834

គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ លោក សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានឲ្យដឹងថា បញ្ហារឿងលក់ផ្ទះ លក់ដីថោកៗ នៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺរឿងមួយ ដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។

លោកពន្យល់ថា ការទិញលក់ដី ផ្ទះថោកៗ ត្រឹម ១ម៉ឺន ២ម៉ឺនដុល្លារអាមេរិក មិនបាច់មានប្រាក់កក់ គ្មានការប្រាក់ អាចជា ការបោកប្រាស់ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ គឺប្រយ័ត្នគេប្រមូលលុយ រួចរត់បាត់ ព្រោះលុយ ១០០០ដុល្លារក្តី ២០០០ដុល្លារក្តី ឬ៥០០០ដុល្លារក្តី គឺសុទ្ធតែជា លុយញើសឈាមរបស់យើង។

លោក មិនលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋខ្មែរទៅទិញអចលនទ្រព្យទាំងនោះទេ ហើយមុននឹងសម្រេចចិត្តទិញ ត្រូវពិនិត្យមើល ក្រុមហ៊ុនអភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ ស្គាល់សាវតាឲ្យបានច្បាស់ ហើយបើសិនអ្នកលក់ គ្រាន់តែជា បុគ្គលមួយរូប គឺពុំគួរប្រថុយនោះទេ ព្រោះជាបុគ្គល ពន្ធក៏មិនបង់ ឈ្មោះក្រុមហ៊ុនក៏គ្មាន។

ម៉្យាងវិញទៀត ការទិញគម្រោងបែបនេះ ភាគច្រើនគឺ មិនមានការអភិវឌ្ឍន៍ច្បាស់លាស់ មិនដឹងថា កន្លែងណាត្រូវដាក់លូ កន្លែងណាត្រូវធ្វើផ្លូវ ហើយបើរដ្ឋ អភិវឌ្ឍន៍មកប៉ះចំគម្រោងនោះ គឺមានតែអ្នកទិញហើយ ដែលប៉ះពាល់ខ្លាំង គ្មានអ្នកណាជួយដោះស្រាយទេ។

ជាចុងក្រោយ លោកឧកញ៉ា សៀ ឫទ្ធី បានផ្តល់ជាយោបល់ថា ដើម្បីចៀសវាសចាញ់បោកគេ លោកអ្នកត្រូវសិក្សាឲ្យបានច្បាស់ ទៅតាមផ្លូវច្បាប់ ថាតើដី ឬផ្ទះនោះ មានប៉ះពាល់ជាមួយគម្រោងរដ្ឋទេ មានច្បាប់អនុញ្ញាតឲ្យលក់ឬអត់ និងសិក្សាពីសាវតាក្រុមហ៊ុនឲ្យបានច្បាស់លាស់៕

មតិយោបល់