ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងចំណាយទុនសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក នឹងរយៈពេល ១០ឆ្នាំ កំពុងស្ថិតនៅក្រោមការរៀបចំស្ទង់មតិ ដោយអង្គការ JICA នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន ចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោក Tatsuyuki Sakurai ប្រធានក្រុមអ្នកស្ទង់មតិអង្គការ JICA បានបង្ហាញនូវលទ្ធផលបឋមនៃការស្ទង់មតិ ទៅកាន់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងដឹកជញ្ជូន ហើយលោក Sakurai ក៏បានស្នើសុំអនុសាសន៍ និងដំបូន្មានពី លោក ស៊ុន ចាន់ថុលផងដែរ។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានកោតសរសើរចំពោះក្រុមអ្នកស្ទង់មតិ ដែលបានបរិយាយយ៉ាងល្អិតល្អន់អំពី គម្រោងផែនការនេះ ហើយបានជម្រុញឲ្យក្រុមការងារនេះ ពិចារណាលើសេណារីយ៉ូល្អបំផុត ទាក់ទងនឹងការកំណត់ពេលវេលា ការកំណត់គន្លងផ្លូវ នឹងការចំណាយនានា ព្រមទាំងលទ្ធភាពអាចពង្រីកសកម្មភាពសេដ្ឋកិច្ចរបស់ផ្លូវនេះ នៅក្នុងតំបន់ថ្មីទាំងឡាយ។
គួរជម្រាបផងដែរថា គម្រោងផ្លូវល្បឿនលឿននេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ដែលគ្រោងបញ្ចប់ការសាងសង់មុនឆ្នាំ ២០៣០ ហើយគម្រោងនេះ នឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ៕


មតិយោបល់