ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទានសម្រាប់គម្រោងចំនួន បី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការគាំទ្រដល់ការកែលម្អផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអនាម័យតាមខេត្ត និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទាននេះ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ជាមួយនិងលោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ដែលចុះហត្ថលេខាក្នុងនាមឱ្យធនាគារអភិវឌ្ឍន៍អាស៊ី។
គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ ដែលមានទឹកប្រាក់ ៧០ លានដុល្លារ នឹងកែលំអផ្លូវប្រវែង ១៤៧ គីឡូម៉ែត្រ សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងគ្រប់ស្ថានភាពអាកាសធាតុទាំងអស់ ក្នុងខេត្តព្រៃវែង សៀមរាប និងស្វាយរៀង។
គម្រោងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ ដើម្បីបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងភាពធន់ទ្រាំទៅនឹងអាកាសធាតុ និងបង្កើនសមត្ថភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ តាមរយៈការរៀបចំផែនការប្រតិបត្តិការ និងការជួសជុលថែទាំឱ្យបានកាន់តែល្អប្រសើរជាងមុន។ លើសពីនេះ គម្រោងក៏នឹងមានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋផងដែរ។
គម្រោងផ្គត់ផ្គងទឹក និងអនាម័យខេត្ត នឹងជួយពង្រីក និងកែលម្អការផ្គត់ផ្គង់ទឹក និងសេវាអនាម័យនៅតំបន់ប្រជុំជន ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ២០៩.០០០ នាក់ នៅក្នុងខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងក្រុងព្រះសីហនុ។
ក្នុងគម្រោងនេះ នឹងមានការសាងសង់រោងចក្រសម្អាតទឹក និងសម្អាតទឹកស្អុយ ការតភ្ជាប់បណ្តាញទឹកតាមបំពង់ និងប្រព័ន្ធលូ។ ឥណទានសម្បទាននៅក្នុងទឹកប្រាក់ ៥០ លានដុល្លារ របស់ ADB សម្រាប់គម្រោងនេះ នឹងត្រូវបំពេញបន្ថែមដោយហិរញ្ញប្បទានឥតសំណង ១០ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួមគ្នា ក្រោមការឧបត្ថម្ភមូលនិធិពីរដ្ឋាភិបាលជប៉ុន និងសហហិរញ្ញប្បទាន ៤០ លានអឺរ៉ូ (ស្មើនឹង ៤៣,៥ លានដុល្លារ) ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងហិរញ្ញប្បទានឥតសំណង ៤,៦៧ លានអឺរ៉ូ (ស្មើនឹង ៥,០៩ លានដុល្លារ) ទៀតពីកម្មវិធីវិនយោគអាស៊ីនៃសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអនុវត្តវិធានការប្រសិទ្ធភាពថាមពល។ រដ្ឋាភិបាលក៏នឹងចូលរួមបដិភាគក្នុងទឹកប្រាក់ ១០,៥៤ លានដុល្លារផងដែរ។
ហិរញ្ញប្បទានបន្ថែម សម្រាប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប នឹងបន្តបង្កើនផលិតភាពកសិកម្ម និងធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជុំវិញបឹងទន្លេសាប ដើម្បីផ្តល់ប្រយោជន៍ដល់កសិករខ្នាតតូច ក្នុងខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និង ត្បូងឃ្មុំ។
ហិរញ្ញប្បទានបន្ថែមនេះ ក៏នឹងបញ្ចូលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និងដោះស្រាយបញ្ហាផលិតភាពទាប សង្វាក់ផ្គត់ផ្គង់នៅមានកម្រិតខ្សោយ និងភាពងាយរងគ្រោះខ្ពស់ ដោយសារការប្រែប្រួលអាកាសធាតុ។
ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ទឹកប្រាក់ ៥០ លានដុល្លារ សម្រាប់គម្រោងនេះ រួមនឹងឥណទានសម្បទាន ១០ លានដុល្លារ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម និងការចូលរួមបដិភាគសមមូល ៦ លានដុល្លារពីរដ្ឋាភិបាល។
មានមូលដ្ឋាននៅទីក្រុងម៉ានីល ADB ប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិច តាមរយៈកំណើនសេដ្ឋកិច្ចបរិយាប័ន្ន កំណើនដែលធានានិរន្តរភាពបរិស្ថាន និងសមាហរណកម្មសេដ្ឋកិច្ច។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារនេះ ជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ ដែលក្នុងនោះ ៤៨ មកពីតំបន់៕
មតិយោបល់