ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អើលពេញបណ្តាញសង្គម! គៀត សុវណ្ណាឡាង ត្រូវគេប្រមាថថាស្លាប់

ក្នុងការចុះផ្សាយរបស់ស្ថាប័នមួយ ស្ដីពីការស្លាប់របស់កញ្ញា ពីន ពីន គេឃើញស្ថាប័នមួយនោះបានគូសរង្វង់អ្នកស្លាប់គឺកញ្ញា គៀត សុវណ្ណាឡាង ថាជាមនុស្សតែម្នាក់ ដែលនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តារាៗភាគច្រើនបានចាត់ទុកថាការភាន់ច្រឡំនោះ គឺជាការប្រមាថដល់អាយុជីវិតរបស់កញ្ញា គៀត សុវណ្ណាឡាង ខណ:ដែលគៀត សុវណ្ណាឡាងដោយផ្ទាល់បានបង្ហាញអារម្មណ៍ហួសចិត្តចំពោះការការប្រមាថដ៏អាក្រក់មួយនោះ ក្នុងពេលដែលនាង និងអ្នកស្លាប់គឺជាមនុស្សផ្សេងគ្នាសុទ្ធសាធ។

គៀត សុវណ្ណាឡាង និយាយថា នាងមានការហួសចិត្តយ៉ាងខ្លាំងដែលបណ្ដាញសារព័ត៌មានមួយនោះបានយកប៉ាណូក្នុងរឿងអាពាហ៏ពិពាហ៍ចម្លែក មកផ្ទឹមនឹងរូបរបស់កញ្ញា ពីន ពីន ដែលត្រូវរថយន្តបុកស្លាប់ ហើយបានគូសរង្វង់លើមុខរបស់នាង ថាជារូបកញ្ញា ពីន ពីន ដែលស្ថិតនៅក្នុងកម្រងផ្កា។ នាងអ្នកសរសេរព័ត៌មាននោះ បានភាន់ច្រឡំរវាងនាង និងអ្នកស្លាប់ តែក៏មិនគួរមិនស្គាល់ គៀត សុវណ្ណាឡាង នៅក្នុងពិភពសិល្ប:នោះដែរ ក្នុងពេលដែលព័ត៌មាននោះគ្រាន់តែបានចុះភ្លាមក៏មានអ្នកផ្ញើមកឲ្យនាងមើល។

នាងថាកញ្ញា ពីន ពីន មានការបញ្ជាក់រួចហើយថាគ្រាន់តែជាតួអង្គរាយរងនៅក្នុងភាពយន្តរឿង «អាពាហ៍ពិពាហ៍ចម្លែក» ប៉ុណ្ណោះ ដូច្នេះមិនគួរណាច្រឡំរូបថតរបស់នាងដែលត្រូវបានគេដាក់ធំៗនៅលើប៉ាណូរឿង ដែលនាំឲ្យគេច្រឡំថាអ្នកស្លាប់គឺជាតួឯកនៅក្នុងរឿងនោះឡើយ។

នាងចាត់ទុកថាភាន់ច្រឡំរបស់ស្ថាប័ននោះ គឺជាការប្រមាថចំពោះអាយុជិវិតរបស់ខ្លួន តែនាងមិនមានបំណងរករឿង ឬទាមទាមឲ្យមានការកែតម្រូវវិញនោះទេ គឺនាងគ្រាន់តែសម្ដែងការហួសចិត្តដែលស្ថាប័ននោះក្នុងនាមជាអ្នកសរសេរព័ត៌មានអាជីពមួយរូបដែរ តែបែរជាបែងចែកមិនដាច់រវាងមុខមាត់អ្នកស្លាប់ និងមុខមាត់របស់នាងប៉ុណ្ណោះ។

នាងថាការផ្គូរផ្គងអ្នករស់ទៅនឹងអ្នកស្លាប់គឺជារឿងមិនល្អមួយ អ៊ីចឹងហើយទើបនាងនឹងគ្រោងទៅស្រោចទឹកចិត្ត ដើម្បីសយខ្លួន ដោយសារតែការចុះផ្សាយដោយខ្វះភាពទទួលខុសត្រូវនោះ។ នាងថាខ្លួននៅតែមានអារម្មណ៍ហួសចិត្តក្រោយពីឃើញព័ត៌មាននោះត្រូវបានផ្សាយចេញ ហើយមានអារម្មណ៍អត់សប្បាយចិត្តនៅពេលឃើញគេគូសលើរូបរបស់នាង ទៅផ្គូរនឹងកញ្ញាពីនពីន ដែលមានន័យថាតួស្រីដែលបានស្លាប់នោះគឺតួឯកក្នុងរឿង«អាពាហ៍ពិពាហ៍ចម្លែក»៕

មតិយោបល់