គណៈកម្មការសម្របសម្រួលនៃបណ្តាញសុខភាព និងសុវត្ថិភាពការងារ (ASEAN-OSHNET) បានពិនិត្យ ដោយផ្អែកលើឯកសារលក្ខខណ្ឌវិនិច្ឆ័យ របស់អាស៊ានអូស្ហណេតដែលមានសហគ្រាសចំនួន ១៩ មកពីប្រទេសអាស៊ាន ចំនួន ៩ (កម្ពុជាមាន ២សហគ្រាស) បានទទួលជ័យលាភីជាសហគ្រាសអនុវត្តតាមគោលការណ៍សុខភាព និងសុវត្ថិភាពការងារអាស៊ានបានល្អ និងល្អឥតខ្ចោះ។
ពិធីផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះ ជាកម្មវិធីមួយដែលរៀបចំឡើងដោយប្រទេសសមាជិកអាស៊ានអូស្ហណេតជារៀងរាល់ ០២ឆ្នាំម្តង ក្នុងគោលបំណង ដើម្បីបង្ហាញការទទួលស្គាល់ និងផ្តល់រង្វាន់ដល់សហគ្រាស ដែលមានសមិទ្ធផលការងារដ៏ល្អប្រសើរលើផ្នែកសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត លើវិស័យសុខភាព និងសុវត្ថិភាពការងារ ដែលនឹងរួមចំណែកបង្កើតរូបភាពជាវេជ្ជមានសម្រាប់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន។
ប្រទេសនីមួយៗ នៃសមាជិកអាស៊ានទទួលបានពានរង្វាន់ចំនួន២ជ័យលាភី ជ័យលាភីទី១៖ផ្តល់ជូនដល់សហគ្រាសដែលមានស្នាដៃល្អ និងជ័យលាភីទី២៖ផ្តល់ជូនដល់សហគ្រាសដែលមានស្នាដៃល្អឥតខ្ចោះ ក្នុងការអនុវត្តសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។
នេះជាលើកទី២ហើយ ដែលពិធីផ្តល់ពានរង្វាន់របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ានដល់សហគ្រាសដែលមានស្នាដៃល្អ និងល្អឥតខ្ចោះដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយមានសហគ្រាសដែលទទួលជ័យលាភីសរុបចំនួន១៩ មកពីបណ្តាប្រទេសអាស៊ាន រួមទាំងសហគ្រាសចំនូន២ តំណាងប្រទេសកម្ពុជា និងមានអ្នកចូលរួមក្នុងកម្មវិធីសរុបចំនួនជាង ១០០នាក់ ដែលតួលេខនេះ មានការកើនឡើងបើធៀបនឹងពិធីផ្តល់ពានរង្វាន់លើកទី១ នៅប្រទេសវៀតណាម៕
មតិយោបល់