កម្ពុជា អាចនឹងត្រូវការព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀត បើសិនជា ចំនួនអ្នកដំណើរឆ្លងកាត់ មានការកើនឡើងលើសកម្រិត ដែលព្រលានយន្តហោះភ្នំពេញ អាចទទួលបាន។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះ ពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរស៊ីវិល នាឱកាសសន្និសីទសារព័ត៌មានរបស់ ក្រុមហ៊ុនអាកាសចរ Emirates។
លោកបានពន្យល់ឲ្យដឹងថា នៅឆ្នាំ ២០២០ ព្រលានយន្តហោះភ្នំពេញ អាចទទួលបានអ្នកដំណើរបាន ៥លាននាក់ ហើយបើសិនជា អ្នកដំណើរឆ្លងកាត់ មានចំនួនលើសកម្រិត គឺចាំបាច់ត្រូវមាន ព្រលានយន្តហោះថ្មីមួយទៀត ព្រោះព្រលានយន្តហោះភ្នំពេញ តូចចង្អៀត ពុំអាចពង្រីកបន្ថែមបានទេ។
គម្រោងនេះ អាចនឹងត្រូវធ្វើឡើង មុន ឬក្រោយឆ្នាំ ២០២០ យោងទៅតាមភាពជាក់ស្តែងនៃកំណើនអ្នកធ្វើដំណើរ ថាតើ កម្ពុជា អាចមានសមត្ថភាពទទួលយន្តហោះធំៗ ក៏ដូចជា ជើងហោះហើរថ្មីៗ មកកាន់កម្ពុជា បានដល់កម្រិតណា និងពេលណា។
យ៉ាងណាមិញ ព្រលានយន្តហោះថ្មីនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនឯកជន IATA តែចំពោះតម្លៃ និងទីកន្លែង គឺអាចបញ្ជាក់បាននៅឡើយទេ។
គួរជម្រាបដែរថា គម្រោងព្រលានយន្តហោះថ្មីនេះ នឹងត្រូវសម្រេចដោយ IATA នឹងក្រុមហ៊ុនឯកជន ជាដៃគូសហការ ដោយជ្រើសរើសសម្រេចយកទីតាំងណាមួយ ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា៕
មតិយោបល់