ព័ត៌មានសេដ្ឋកិច្ច

គម្រោងបិទស្ពានជ្រោយចង្វារចាស់ ដើម្បីជួសជុលទ្រង់ទ្រាយធំ ត្រូវពន្យារពេលដល់ខែមេសា

ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣៣លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំដើម្បីចាប់ផ្តើមជួសជុលឡើងវិញ នៅខែ មេសា ឆ្នាំ ២០១៧ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក ឈឹម ផល្លា មន្ត្រីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់កាលពីម្សិលមិញនេះថា ការសម្រេចចិត្តពន្យារពេលនេះ គឺបន្ទាប់ពីភាគីជប៉ុន បានផ្លាស់ប្តូរនីតិវិធី នៃការដាក់ដេញគម្រោងកែលម្អស្ពាន ពីខែធ្នូ ឆ្នាំ ២០១៦ ទៅខែមីនា ឆ្នាំ ២០១៧វិញ។

លោកបន្តថា ការសម្រេចលើកពេលនេះ ក៏ដើម្បីឲ្យភាគីកម្ពុជា សម្រួលការរៀបចំប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធបំពង់ទឹកស្អាត និងការតម្រូវឲ្យមានការរុះរើលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅភាគខាងកើតស្ពានជ្រោយចង្វារ។

យ៉ាងណាមិញ ចំពោះការបិទចរាចរណ៍ស្ពានចាស់ គឺត្រូវរៀបចំចរាចរណ៍នៅលើស្ពានជ្រោយចង្វារថ្មី ឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់ទៅមកបាន ដែលទាមទារពេលវេលាសមរម្យមួយ មុននឹងអាចចាប់ផ្តើមនៅ ខែមេសា ខាងមុខនេះ។

នៅពេលគម្រោងជួសជុលស្ពានជ្រោយចង្វារចាស់ ចាប់ផ្តើម នឹងចំណាយពេលប្រមាណ ២២ខែ ក្រសួងនឹងដាក់សាឡាង ២ ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ងាយស្រួលប្រជាពលរដ្ឋឆ្លងទៅឆ្លងមក។

បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ​ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕

មតិយោបល់