ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន!

តាកែវៈ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបជាក់ស្ដែងករណីដឹកជញ្ជូននិងជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យ២នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទី១ឈ្មោះ ជិន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខសញ្ញាចែលចាយ នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ សាន វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខសញ្ញាប្រើប្រាស់ នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ទី៣ឈ្មោះ ស៊ីម ហួរ ភេទប្រុស អាយុ២៣ឆ្នាំ មុខសញ្ញាចែកចាយ នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ(គេចខ្លួនបាត់) និងទី៤ឈ្មោះ ប៊ុន សុផាត់ ហៅក្តឺត មុខសញ្ញាចែកចាយនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ(គេចខ្លួនបាត់)។
វត្ថុតាងដកហូតយករួមមាន ថ្នាំញៀន៤កញ្ចប់តូច ដបជក់២ ទូរសព្ទដៃ៤គ្រឿង ដែកកេះ៣ កន្ត្រៃ១ និងថងសម្រាប់វេចខ្ចប់មួយចំនួនទៀត។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានមកថា នៅផ្ទះឈ្មោះ ជិន ប៊ុនធឿនមានការចែកចាយគ្រឿងញៀន ហើយក៏ធ្វើការចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យ២នាក់តែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់