ចិនៈ ដំណើរទស្សនកិច្ចប្រធានាធិបតីចិន លោក ស៊ី ជីនភីង ទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានសង្កត់ធ្ងន់អំពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ពីប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវាបង្កឲ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន និងរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋាភិបាលចិនបាននិយាយម្តងហើយម្តងទៀត ចំពោះការជំទាស់របស់ខ្លួនទៅលើប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក (THAAD) និងបានអំពាវនាវឲ្យបញ្ឈប់ការដាក់ពង្រាយ ព្រមទាំងលុបចោលប្រព័ន្ធដែលបានតំឡើងរួចហើយផងដែរ។
ដោយចិនបានអះអាងថា រ៉ាដាដ៏មានឥទ្ធិពលរបស់ប្រព័ន្ធនេះ អាចស៊ើបអង្កេតយ៉ាងជ្រៅទៅក្នុងទឹកដីរបស់ខ្លួន ដែលធ្វើឲ្យខូចខាតដល់សន្តិសុខ និងតុល្យភាពក្នុងតំបន់ ខណៈដែលមិនធ្វើអ្វីសោះ ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងការបញ្ជូនប្រព័ន្ធនេះទៅដាក់ពង្រាយនៅកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិន បានដកស្រង់សំដីរបស់លោក ស៊ី ថា «ការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល ដ៏ទំនើប នៅកូរ៉េខាងត្បូងធ្វើឲ្យខូចខាតផលប្រយោជន៍សន្តិសុខ និងយុទ្ធសាស្ត្រ របស់ប្រទេសចិន, រុស្ស៊ី និងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់» ។
សូមជំរាបថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ការដាក់ពង្រាយ THAAD គឺក្នុងគោលបំណងតែមួយគត់ ដើម្បីការពារកូរ៉េខាងត្បូងពីកូរ៉េខាងជើងតែប៉ុណ្ណោះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីលោក ស៊ី បាននិយាយថា « ចិន និងរុស្ស៊ី បានរក្សាការប្រាស្រ័យទាក់ទង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហានេះ ដោយមានទស្សនៈស្រដៀងគ្នា»។
ប្រភពីភ្នាក់ងារស៊ីនហួដដែរ បានបន្ថែមថា « ទីក្រុងប៉េកាំង និងម៉ូស្គូបានជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ពង្រាយ THAAD ហើយបានស្នើឲ្យបណ្តាប្រទេស ដែលពាក់ព័ន្ធបញ្ឈប់ និងលុបចោលការដំឡើងវានេះ។
គួរបញ្ជាក់ដែរថា ចិន និងរុស្ស៊ី នឹងចាត់វិធានការចាំបាច់រួមគ្នា ដើម្បីការពារផលប្រយោជន៍របស់ពួកគេ៕
មតិយោបល់