ព័ត៌មានសេដ្ឋកិច្ច

សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន តម្លៃជាង១២លានដុល្លារ លេចរូបរាងនៅខេត្តសៀមរាប

សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលចំណាយទឹកប្រាក់ប្រមាណ ១២លានដុល្លារអាមេរិក ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃស្អែកនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សារមន្ទីរនេះ មានទីតាំងស្ថិតក្នុងទីបញ្ជាការស៊ីម៉ាក់ ភូមិភាគ២ ខេត្តសៀមរាប ដែលមានដាក់តាំងពិព័រណ៍ដូចជា រថយន្តរំដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា។

លើសពីនេះទៅទៀត ក៏មានការរៀបចំដាក់បង្ហាញអំពីប្រវត្តិសង្រ្គាម សកម្មភាពក្នុងសង្រ្គាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍក្រោយពេលបោសសម្អាតសំណល់ជាតិផ្ទុះរួច។

សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ក៏មានប្រយោជន៍ខ្លាំងណាស់ សម្រាប់យុវជន និងយុវតីជំនាន់ក្រោយ ដែលកើតមិនទាន់សង្រ្គាម ដើម្បីបានសិក្សាស្វែងយល់អំពីសង្គ្រាម និងផលប៉ះពាល់នានា ដែលបានកើតមានឡើង នៅក្នុងប្រទេសកម្ពុជា។

គួររម្លឹកដែរថា អាជ្ញាធរមីនកម្ពុជា បានអះអាងថា កម្ពុជា ត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក ដើម្បីបោសសម្អាតមីន ដែលនៅសេសសល់លើផ្ទៃដីជាង ២០០០គីឡូម៉ែត្រក្រឡា ឲ្យបានរួចរាល់ជាស្ថាពរត្រឹមឆ្នាំ ២០២៥៕

មតិយោបល់