វៀតណាមៈ ទីក្រុងហាណូយ ដែលមានប្រជាពលរដ្ឋប្រើប្រាស់ម៉ូតូ ដើម្បីធ្វើដំណើររហូតដល់ចំនួន ៥ លានគ្រឿង គ្រោងនឹងហាមឃាត់លែងឲ្យមានការជិះទោចក្រយាន នៅត្រឹមឆ្នាំ ២០៣០ ដើម្បីបន្ធូរបន្ថយបញ្ហាបរិស្ថាន និងការកកស្ទះចរាចរណ៍។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមប្រឹក្សាទីក្រុង កាលពីម្សិលមិញ បានបោះឆ្នោតលើបម្រាមនេះ ដោយឯកច្ឆ័យ ក្នុងគោលបំណង ដើម្បីសម្រួលចរាចរណ៍ផ្លូវថ្នល់ និងកាត់បន្ថយកម្រិតនៃការបំពុល។
ក្នុងនោះក្រុមប្រឹក្សា ក៏បានសន្យាផងដែរថា នឹងបង្កើនការដឹកជញ្ជូនសាធារណៈ ដើម្បីជំរុញឲ្យពាក់កណ្តាលនៃប្រជាជន ក្នុងទីក្រុងងាកមកប្រើប្រាស់សេវាសាធារណៈវិញ ខណៈដែលបច្ចុប្បន្នអ្នកប្រើប្រាស់វា មានត្រឹមតែ ១២% ប៉ុណ្ណោះ។
ពាក់នឹងបញ្ហានេះដែរ ប្រជាពលរដ្ឋក្នុងទីក្រុងមួយចំនួន យល់ឃើញថា ការធ្វើបែបនេះ មិនទំនងទល់តែសោះ ដែលការធ្វើដំណើរដោយកង់ អាចនឹងល្អប្រសើរជាងនោះ។
សូមជំរាបថា មន្ត្រីក្រុមប្រឹក្សា បានសម្រេចដាក់វិធានការនេះភ្លាមៗ បន្ទាប់ពីរបាយការណ៍មួយ បានរកឃើញថា ចំនួនម៉ូតូនៅក្នុងទីក្រុងហាណូយ នឹងមានកើនឡើងក្នុងអត្រាគួរឲ្យព្រួយបារម្ភ ដោយការសិក្សាមួយចំនួន បានបង្ហាញថា មានម៉ូតូចំនួន ២.៥០០ គ្រឿង ក្នុងមួយគីឡូម៉ែត្ររួចទៅហើយ៕
មតិយោបល់