យោងតាមគេហទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា រោងចក្រកែច្នៃស្បែកសត្វ តែ១គត់នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការសាកល្បងហើយ។
លោក ម៉ុង ឫទ្ធី បានឲ្យដឹងទៀតថា រោងចក្រនេះ អាចយកស្បែកគោ ក្របី និងស្បែកជ្រូក មកកែច្នៃទៅជា សម្ភារៈប្រើប្រាស់ផ្សេងៗដូចជា ស្បែកពូករថយន្ត ស្បែកកាបូប ស្បែកជើង។ល។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានចាប់ដៃគូជាមួយ ក្រុមហ៊ុនប៉ូឡូញ គ្រោងនឹងបង្កើតរោងចក្រកែច្នៃសាច់ ដើម្បីសង្គ្រោះដល់កសិករកម្ពុជា ដែលកំពុងរងគ្រោះដោយសារការនាំចូលសត្វរស់ ពីប្រទេសជិតខាង។
តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាង ប្រតិភូកម្ពុជា និងប៉ូឡូញ ដើម្បីស្វែងរកដំណោះស្រាយតម្លៃសាច់ជ្រូក និងសាច់មាន់ បានបង្ហាញឲ្យដឹងថា ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន លុះត្រាតែកម្ពុជា រកបច្ចេកទេសទំនើបទាន់សម័យ សាងសង់រោងចក្រកែច្នៃសាច់ ប្រកបដោយគុណភាព និងធានាបាននូវ សុវត្ថិភាពចំណីអាហារជាចម្បង៕
មតិយោបល់