ប្រភេទផ្ទះបែបបុរីនៅតែជាទីពេញនិយមសម្រាប់ប្រជាជនខ្មែរយើង ខណៈពេលដែលបច្ចុប្បន្នម្ចាស់គម្រោងអភិវឌ្ឍលំនៅឋានធំៗនៅកម្ពុជាបានបន្តគម្រោង សាងសង់របស់ខ្លួនដោយឥតឈប់ឈរ។
ជាក់ស្តែងកាលពីពេលព្រឹកមិញនេះគម្រោងរបស់បុរីពិភពថ្មី (កួរស្រូវ, កំបូលទី២, ឈូកវ៉ាទី៣) ចំណាយពេលត្រឹមតែ ៥ ម៉ោងអាចលក់បានរហូតដល់ ៧២០ ផ្ទះជាដើម។
យ៉ាងណាមិញបើយោងតាមគេហទំព័រហ្វេសប៊ុកផេកលោក Keam Seaklong អគ្គនាយកក្រុមហ៊ុន Century 21 បានចែករំលែកនូវគន្លឺះ ក៏ដូចជាបទពិសោធន៍មួយចំនួនអំពីវិធីសាស្ត្រក្នុងការទិញផ្ទះសម្រាប់រស់នៅ និងងាយស្រួលក្នុងការលក់ចេញវិញដូចខាងក្រោមនេះ៖
- ទិញផ្ទះដែលមានចំនួនតិចខ្នង ឬល្វែងរួមមានផ្ទះកែង ឬ សល់ដីចំហៀង បើទោះជាតម្លៃខ្ពស់ជាងគេបន្តិចមែន ប៉ុន្តែជារបស់កម្រមិនសូវមានការប្រកួតប្រជែងច្រើនពេលចង់លក់វិញ
- ផ្ទះដែលមិនចំផ្លូវបុក ឬផ្លូវទាល់
- ជៀសវាងផ្ទះដែលមានលេខ ៤ ឬលេខ១៣ លេខ ៤ និងពេលខ្លះលេខ ១០ បើតាមគិតាមក្បួនហុងស៊ុយលេខផ្ទះទាំងនេះ ពិបាកលក់ជាងគេបន្តិច
- ទិញផ្ទះដែលបែរទិសទៅខាងកើត មានអ្នកចូលចិត្តច្រើនជាងគេ ខាងជើង និងខាងត្បូងប្រហាក់ប្រហែលគ្នា លើកលែងតែខាងលិចដែលមិនសូវមានអ្នកចង់បានទេ។
គួរបញ្ជាក់ដែរថា ចំពោះផ្ទះដែលមានលក្ខខណ្ឌដូចខាងលើនិងងាយស្រួលក្នុងការលក់ចេញវិញ ប៉ុន្តែផ្ទះដែលពុំដូចការលើកឡើងខាងលើក៏នៅតែអាចលក់ដូរបានជាធម្មតាផងដែរ នេះបើតាមការបន្ថែមចុងក្រោយរបស់លោក៕
មតិយោបល់