កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារជាមួយ លោក Zhang Yuliang ប្រធានក្រុមហ៊ុន Greenland Holding Group និង លោក Cheng Risheng ប្រធានក្រុមហ៊ុន Henan Transport Investment Group អំពីគម្រោងវិនិយោគ នៅកម្ពុជា។
លោកប្រធានក្រុមហ៊ុនទាំងពីរ បានមានប្រសាសន៍ជម្រាបបញ្ជាក់ជូន សម្តេចតេជោ សារជាថ្មីចំពោះគោលបំណងវិនិយោគនៅប្រទេសកម្ពុជា ដើម្បីជួយជម្រុញការអភិវឌ្ឍស្របគ្នាទៅនឹង គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។
ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ជូន សម្តេចតេជោ ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកប្រាក់ ៧០០០លានដុល្លារអាមេរិក នៅកម្ពុជា លើវិស័យ ៤ គឺ
១.ការសាងសង់ផ្លូវល្បឿនលឿន
២.ការកសាងទីក្រុងរណប និងមជ្ឈមណ្ឌលសិក្សាធិការ និងវិជ្ជាជីវៈ
៣.គម្រោងសំណង់អគារបម្រើវិស័យទេសចរណ៍ និងកន្លែងកំសាន្តខ្នាតអន្តរជាតិ
៤.ធនាគារវិនិយោគខ្នាតធំ។
កន្លងមក ក្រុមហ៊ុន Greenland Holding Group បានវិនិយោគលើវិស័យសំណង់ និងអចលទ្រព្យលើទឹកប្រាក់ ៥០០លានដុល្លារួចហើយ នៅកោះពេជ្រ ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខ។
សម្តេច បានបញ្ជាក់សារជាថ្មីអំពី ភាពអនុគ្រោះរបស់កម្ពុជា ពោលគឺ ក្រុមហ៊ុនវិនិយោគបរទេស អាចប្រើប្រាស់ទុនខ្លួនឯង ១០០% ដោយមិនចាំបាច់មានដៃគូវិនិយោគក្នុងស្រុកឡើយ។
គួររម្លឹកថា គិតត្រឹមខែសីហា ឆ្នាំ ២០១៧នេះ ទំហំវិនិយោគរបស់ចិន នៅកម្ពុជា មានរហូតដល់ជាង ១៦ពាន់លានដុល្លារអាមេរិក៕
មតិយោបល់