ភ្នំពេញៈ សាកសពបុរសម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូសេ១២៥ ប៉ះជាមួយរម៉កម៉ូតូលក់បបរ ហើយខ្ទាតទៅកណ្តាលផ្លូវត្រូវបានរថយន្តកិនបែកក្បាលខ្ទេច កាលពីវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយពីរថយន្តគ្លីនិកបែកចានដឹកយករត់គេចទៅបាត់ សូម្បីតែនគរបាល ចុះទៅពិនិត្យស្លាកស្នាមក៏មិនបានផង។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1F-5706។
តាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើ ត្រូវជាសាច់ញាតិរបស់ លោក ម៉ិញ វុធ្ធី ម្ចាស់គ្លីនិកបែកចាន ទើបមិនខ្វល់ មិនឲ្យសមត្ថកិច្ចពិនិត្យស្លាកស្នាមឡើយ ។ ចំណែកឯម៉ូតូរម៉ក និងរថយន្ត១គ្រឿងទៀតបានបើករត់គេចបាត់អស់ បន្សល់ទុកតែម៉ូតូរបស់ជនរងគ្រោះ និងស្លាកស្នាមកម្ទេចកម្ទី អំបែងកញ្ចក់ទុក និងសាច់មាន់បបរ កំពប់រាយពេញផ្លូវ ។
ក្រោយពីរថយន្តគ្លីនិក ម៉ិញ វុទ្ធី ដឹកសពរត់គេច ប៉ូលិសបានត្រឹមឈរមើលមុខគ្នាឡេងឡង់ យកម៉ូតូជនរងគ្រោះដាក់កៀនខាងជៀសវាងការកកស្ទះចរាចរណ៍ តែប៉ុណ្ណោះ ៕
https://youtu.be/8ffj3m5Z-xU
មតិយោបល់