កាលពីព្រឹក ថ្ងៃទី៨ ខែកក្កដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានរៀបចំយុទ្ធនាការបញ្ជ្រាបនូវចំនេះដឹងក្នុងការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកដ៏ច្រើនលើសលប់ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវប៉ាន់ប្រមាណឃើញថា ពលរដ្ឋម្នាក់ ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិកជាង ២ម៉ឺនថង់ ក្នុងមួយឆ្នាំ។
លោក ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ បានឲ្យដឹងថា ហត្ថាកសិករ បាននិងកំពុងចូលរួមបំផុសគំនិតអប់រំដល់ ប្រជាពលរដ្ឋកម្ពុជា ឲ្យចូលរួមបន្ថយការប្រើប្រាស់ថង់ប្ទាស្ទិក ព្រោះវាចំណាយច្រើន ព្រមទាំងបំពុលបរិស្ថាន និងបំពុលដល់មនុស្ស ជាពិសេសខ្លួនឯងផ្ទាល់ ដែលរស់នៅក្នុងបរិស្ថាននេះ។
លោកបន្តថា ថង់ប្លាស្ទិក ជាសំរាមមិនងាយរំលាយចោល និងបង្កផលប៉ះពាល់ដល់បរិស្ថានខ្លាំងទៀតផង ហើយការសាយភាយនៃថង់សំរាមជុំវិញទីក្រុង ធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុងទាំងមូល។
នាឱកាសនេះ លោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងដែរថា ជាមធ្យម មនុស្សម្នាក់ ប្រើប្រាស់ថង់បា្លស្ទិក ជាង ២ម៉ឺនថង់ ក្នុងមួយឆ្នាំ ដោយមិនដឹងខ្លួន និងមិនចាំបាច់ តែវាបង្កផលប៉ះពាល់ខ្លាំងដល់ បរិស្ថាន។
លោក ដារ៉ា លើកឡើងទៀតថា ការផ្តួចផ្តើមគំនិតថែទាំបរិស្ថានពី វិស័យឯកជន គឺពិតជាសំខាន់ណាស់ បើទោះជាវាផ្តល់នូវ ចំណេញមើលមិនឃើញភ្លាម តែវាជាចំណេញជារួម និងផ្តល់ផលប្រយោជន៍ច្រើនណាស់ ដល់ប្រជាពលរដ្ឋកម្ពុជា។
ថង់ក្រណាត់ អាចមានតម្លៃថ្លៃ តែអាចប្រើប្រាស់បានច្រើនដង បើមានការថែទាំត្រឹមត្រូវ ហើយបើសិនជា គិតឲ្យបានល្អិតល្អន់ គឺវាអាចចំណេញជាងការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិក ត្រូវគិតបញ្ចូលក្នុងតម្លៃទំនិញរួចទៅហើយ នឹងមានផលអាក្រក់ដល់បរិស្ថានទៀតផង។
ជាចុងក្រោយ លោកក៏អំពាវនាវ ឲ្យមានការចូលរួមឲ្យបានកាន់តែច្រើនពី វិស័យឯកជន និងអង្គការនានា ក្នុងការចូលរួមពន្យល់ដល់ប្រជាជន ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមលទ្ធភាពដែលអាចធ្វើទៅបាន។
គួរជម្រាបដែរថា នៅតាមទីវាលចាក់សំរាម នៅកម្ពុជា មានសំរាមធ្វើពីជ័រ ឬប្លាស្ទិក ជាង ៣០ភាគរយទៅហើយ ដែលពិបាកក្នុងការរំលាយចោល នឹងបង្កជាផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ បរិស្ថាន និងប្រជាពលរដ្ឋ៕
មតិយោបល់