ព័ត៌មានជាតិ

អ្នកលក់នំបុ័ងនិងអ្នកលក់នំបុ័ងប្រឆាំងគ្នា ទាញដាវសាំម៉ូរៃដេញកាប់របួសស្រាលម្នាក់!

ភ្នំពេញៈ បុរសអ្នកលក់នំបុ័ងម្នាក់ត្រូវបានអ្នកលក់នំបុ័ងដូចគ្នាម្នាក់ទៀត ដេញតាមរករឿងនិងកាប់ប្រហារ បណ្ដាលឲ្យរងរបួសស្រាល ហើយខឹងកាប់មនុស្សមិនបាន ជនដៃដល់បានកាប់បំផ្លាញម៉ូតូ១គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបម្រុងដុតចោលថែមទៀត។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សោម មករា ហៅវ៉ិត អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសដៃស្រាល ប៉ុន្តែម៉ូតូរបស់គេបានរងការខូចខាតយ៉ាងដំណំ ដោយសារជនសង្ស័យកាប់ដោយដាវសាំម៉ូរ៉ៃ បន្ទាប់មកជននោះបានគេចខ្លួនបាត់ស្រមោល មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថាជាអ្នកលក់នំបុ័ងដូចគ្នាដែរ។

នៅមុនពេលកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងដឹកនំបុ័ងដើរលក់ស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូតាមក្រោយទៅដល់ បានចុចស៊ីផ្លេរនិងជែងរួចបានស្ដោះទឹកមាត់ដាក់ជនរងគ្រោះដែលមិនទាំងមានរឿងអ្វីជាមួយគ្នាទាល់តែសោះ មិនតែប៉ុណ្ណោះជននោះបានយកកែវកាហ្វេបោកដាក់នៅនឹងមុខជនរងគ្រោះថែមទៀត។ បន្ទាប់ពីឃើញការរករឿងបង្កជម្លោះដោយមិនដឹងមូលហេតុពីសំណាក់ជនសង្ស័យបែបនេះ ជនរងគ្រោះក៏បានតាមសួរនាំ ទើបបណ្ដាលឲ្យមានទំនាស់គ្នាកើតឡើងមួយប្រាវ ប៉ុន្តែក្រោយពេល ជជែកគ្នារួចជនរងគ្រោះក៏បានជិះម៉ូតូចេញ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះជនដៃដល់ជិះម៉ូតូដេញតាមនិងបានទាញដាវសាំម៉ូរ៉ៃ១ដើមដែលលាក់ទុកនៅក្នុងកញ្ឆេរនំបុ័ងដេញតាមកាប់ ប៉ុនប៉ងសម្លាប់ ប៉ុន្តែជនរងគ្រោះបានផ្ដួលម៉ូតូរត់គេចចេញ ហើយជនសង្ស័យក៏បានកាប់បំផ្លាញម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ មិនតែប៉ុណ្ណោះបានទាញយកដបសាំងដែលគេលក់នៅក្បែរនោះ បម្រុងចាក់ដុតម៉ូតូជនរងគ្រោះចោលទៀត តែត្រូវបានអ្នកលក់ទាញយកមកវិញនិងឃាត់ ទើបជនដៃដល់ខាងលើបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍កាកាបដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្ដង៕

មតិយោបល់