ភ្នំពេញ:មនុស្សទាំងអស់ សុទ្ធសឹងប្រាថ្នាភាពជោគជ័យ ទាំងក្នុងមុខជំនួញ ការងារ និងគ្រួសារ ប៉ុន្តែសង្កេតឃើញថា មនុស្សទាំងនោះ មិនទាន់ទទួលបាន នូវភាពជោគជ័យគ្រប់គ្នា នៅឡើយទេ។ មានកត្តាមួយចំនួន ញ៉ាំងឱ្យមនុស្សជោគជ័យ និងបរាជ័យ ក្នុងឆាកជីវិត ផ្សេងៗគ្នា។
លោកបណ្ឌិត តាំង ណាំស្រ៊ុន ប្រធានសមាគមធនធានមនុស្សកម្ពុជា (Human Resource Association of Cambodia) ហៅកាត់ថា HRAC នៃ CJCC និងជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ មន្ទីរពេទ្យធ្មេញ និងស្ទូរឌីយោ ហង្សនាគ កំពុងទទួលបានភាពជោគជ័យ គួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងហ្នឹង លោកបណ្ឌិត បានចូលរួមចំណែកផ្តល់ នូវបទពិសោធន៍ដឹកនាំធុរកិច្ច លើប្រធានបទ ” ពន្យាពេលចាប់ផ្តើម ពន្យាពេលជោគជ័យ ” ដើម្បីទុកជាបច្ច័យ ក្នុងន័យចែករំលែក។
រៀមច្បងធុរកិច្ចជនជោគជ័យ លើវិស័យជំនួញច្រើនមុខ មួយរូបនេះ បានមានប្រសាសន៍ថា៖ មនុស្សមួយចំនួន ចូលចិត្តប្រើពាក្យថា ទុកសិន ឬចាំសិន និងយកលេសនេះលេសនោះ មកបង្អាក់សកម្មភាព គឺវាជាហេតុផល ធ្វើឱ្យយើងក្លាយជាមនុស្សខ្ជិលច្រអូស ទៅវិញ។ អ៊ីចឹង ប្រសិនបើចង់ជោគជ័យ ត្រូវចេះបែងចែកការងារជា ៣ផ្នែកធំៗ ដូចខាងក្រោម៖
១.ការងារសំខាន់បន្ទាន់: ការងារ ដែលត្រូវធ្វើមុនគេបំផុត ខណៈយើងកំពុងអនុវត្តន៍ការងារសំខាន់បន្ទាន់ យើងត្រូវផ្តោតចំណាប់អារម្មណ៍ ឱ្យខ្លាំងក្លា និងមិនត្រូវបែកអារម្មណ៍ ចំពោះការងារផ្សេងឡើយ ដើម្បីឱ្យប្រសិទ្ធភាពការងាររបស់យើង ទទួលបានគុណភាពខ្ពស់។
២.ការងារសំខាន់បន្ទាប់: ការងារ ដែលត្រូវធ្វើបន្ទាប់ ប៉ុន្តែត្រូវឱ្យប្រាកដចិត្តថា ការងារសំខាន់បន្ទាន់ យើងបានបញ្ចប់សព្វគ្រប់រួចរាល់ និងមិនមានអ្វីសេសសល់ទៀត ទើបមិនបណ្តាលឱ្យយើង ខាតពេលវេលាធ្វើបន្ត ឬធ្វើឡើងវិញ ដោយធ្វើឱ្យសកម្មភាពការងារបន្ទាប់ អាចអាក់ខាន ជាដើម។
៣.ការងារមិនសូវសំខាន់ ឬមិនសំខាន់: ការងារចុងក្រោយបង្អស់ ត្រូវមើលលើគុណតម្លៃ និងពេលវេលា ព្រោះការងារមិនសូវសំខាន់ ផ្តល់អត្ថប្រយោជន៍មិនសូវសំខាន់ ដូចគ្នា និងការងារមិនសំខាន់ មិនចាំបាច់ចំណាយកម្លាំងទៅធ្វើ នាំឱ្យខាតបង់ទឹកចិត្ត ឥតប្រយោជន៍ នៅក្នុងកំឡុងពេលយើង កំពុងមមារញឹកនឹងការងារសំខាន់ នានា។
ដូច្នះ លោកបណ្ឌិត តាំង ណាំស្រ៊ុន បានបញ្ជាក់ថា ” គ្រប់ការងារទាំងអស់ គឺសុទ្ធសឹងសំខាន់ៗ ប៉ុន្តែបើវាមិនសំខាន់ គឺមិនមែនជាការងារស្នូល ដូចគ្នា។ ប្រសិនបើយើងមិនចេះប្រើប្រាស់ នូវវិធីសាស្ត្រល្អៗ បែងចែកឱ្យដាច់ រវាងការងារសំខាន់ និងមិនសំខាន់ នាំឱ្យយើង ចូលចិត្តប្រើពាក្យថា ទុកសិន ឬចាំសិន ព្រោះការងារទាំងអស់ អាចនឹងកកស្ទះ ទោះយើងមានពេលវេលាលើស ២៤ម៉ោង សម្រាប់អនុវត្តន៍ក្តី។ សរុបសេចក្តី ចង់ជោគជ័យ ចូរកុំពន្យាពេលចាប់ផ្តើម “៕

មតិយោបល់